ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia នាថ្ងៃទី ២៦ តុលា ២០២៥ បានភ្ជាប់ជើងហោះហើរត្រង់ពី រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន។នេះជាភាពជោគជ័យថ្មីបន្ថែមទៀត សម្រាប់វិស័យអាកាសចរណ៍កម្ពុជា និង ជាការជំរុញវិស័យទេសចរណ៍នៅប្រទេសកម្ពុជាកាន់តែរីកចម្រើន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ការបើកដំណើរការហោះហើរនេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ ដែលតែងតែស្វែងរកគ្រប់មធ្យោបាយ ក្នុងការជំរុញការតភ្ជាប់ជើងហោះហើរដឹកជញ្ជូនអ្នកដំណើរអន្តរជាតិឡើងវិញ រវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រជប៉ុន ក្រោយពីបានខកខានដាក់ដំណើរការជើងហោះហើររវាងប្រទេសទាំងពីរ ចាប់តាំងពីមានវិបត្តិជំងឺឆ្លងកូវីដ-១៩។ បើតាមតួលេខមុនពេលមានឆ្លងកូវីដ-១៩ ប្រទេសកម្ពុជា បានទទួលអ្នកដំណើរតាមផ្លូវអាកាសនិងអ្នកទេសចរណ៍ជនជាតិជប៉ុន ប្រមាណជាង២០ម៉ឺននាក់ ក្នុងឆ្នាំ២០១៩។
បន្ថែមលើសពីនេះ លោកបានសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ការរៀបចំឱ្យមានការហោះហើរទៅកាន់ប្រទេសជប៉ុនជាប្រវត្តិសាស្រ្តនាពេលនេះ គឺនឹងចូលរួមឆ្លើយតបជាវិជ្ជមានទៅនឹងតម្រូវការ វិស័យទេសចរណ៍ ពាណិជ្ជកម្ម ឡូជីស្ទីក និងការដោះដូរវប្បធម៌ប្រជាជន រវាងប្រទេសកម្ពុជានិងប្រទេសជប៉ុន។
យោងតាមរយៈការណ៍ពីរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជា ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៥នេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកនិងបរទេសចំនួន៣៣ ដែលកំពុងតភ្ជាប់ជើងហោះហើរក្នុងតំបន់និងសកលលោក ដោយក្នុងនោះ ក្នុងតំបន់អាស៊ានមាន៨ប្រទេស ប្រទេសចិន ប្រទេសកូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់ ប្រទេសឥណ្ឌា ប្រទេសកាតា និងប្រទេសអេមីរ៉ាតអារ៉ាប់រួម ហើយបានទទួលអ្នកធ្វើដំណើរតាមផ្លូវអាកាសជាង ៥លាន ១សែននាក់ ពោលគឺមានការកើនឡើង១៤% ធៀបនឹងកំឡុងពេលដូចគ្នានៅឆ្នាំ២០២៤ ដែលមានចំនួនត្រឹមតែជាង ៤លាន ៥សែននាក់៕