ភ្នំពេញ៖ ដូចការគ្រោងទុក នៅថ្ងៃទី ២៦ តុលានេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានភ្ជាប់ជើងហោះហើរត្រង់ពី រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន។នេះជាភាពជោគជ័យថ្មីបន្ថែមទៀត សម្រាប់វិស័យអាកាសចរណ៍កម្ពុជា និង ជាការជំរុញវិស័យទេសចរណ៍នៅប្រទេសកម្ពុជាកាន់តែរីកចម្រើន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និង ក្រសួងទេសចរណ៍។
ពិធីស្វាគមន៍ការតភ្ជាប់ជើងហោះហើរត្រង់ ត្រូវបានរៀបចំឡើងដោយមានការអញ្ជើញចូលរួមពី លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក អ៊ូអេណូ អាតស៊ុស៊ី (Ueno Atsushi) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងចាត់ទុកថ្ងៃនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ មួយក្នុងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន។ ការចាប់ផ្តើមបើកបរសេវាការហោះហើរដោយផ្ទាល់នេះ នឹងធ្វើឱ្យការធ្វើដំណើររបស់ភ្ញៀវទេសចរ និងអ្នកវិនិយោគពីប្រទេសទាំងពីរងាយស្រួល និងឆាប់រហ័សជាងមុន។ វាបង្ហាញពីមិត្តភាពដ៏រឹងមាំរបស់ប្រទេសទាំងពីរ។
បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ តាមរយៈបណ្តាញហោះហើរថ្មីនេះ យើងរំពឹងថា នឹងមានភ្ញៀវជប៉ុនមកទស្សនាកម្ពុជា ច្រើនឡើង ដើម្បីស្គាល់វប្បធម៌ សម្បត្តិធម្មជាតិ និងការស្វាគមន៍ដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា។ វាក៏ជាឱកាសសម្រាប់ប្រជាជនកម្ពុជា ទៅទស្សនាប្រទេសជប៉ុនផងដែរ។
លោកថ្លែងថា “ក្រសួងទេសចរណ៍ នឹងបន្តសហការជិតស្និទ្ធជាមួយដៃគូជប៉ុន និងក្រុមហ៊ុនអាកាសចរណ៍ ដើម្បីលើកកម្ពស់ទេសចរណ៍ និងសេវាហោះហើរផ្ទាល់បន្ថែមទៀត។ យើងសូមស្វាគមន៍យ៉ាងកក់ក្តៅ ដល់ភ្ញៀវទេសចរជប៉ុនទាំងអស់ និងសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនបន្ថែមទៀត។”
គួរបញ្ជាក់ថា ការបន្តបើកជើងហោះហើរត្រង់នេះ គឺជាភាពជោគជ័យបន្ថែមទៀត សម្រាប់វិស័យទេសចរណ៍នៅប្រទេសកម្ពុជា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាស្របតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ។យោងតាមរយៈការណ៍ពីរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជា រយៈពេល៩ខែ ឆ្នាំ២០២៥ វិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) ចំនួន ៤៧,៦៣៧ ជើង កើនឡើង ១២% បើធៀបទៅនឹងរយៈពេល៩ខែដូចគ្នាទៅនឹងឆ្នាំ២០២៤។ ក្រុមហ៊ុនអាកាសចរណ៍ កំពុងប្រតិបត្តិការហោះហើរចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជាមាន៣២ ក្រុមហ៊ុន៕