ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី ២៦ តុលានេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia នឹងភ្ជាប់ជើងហោះហើរត្រង់ពី រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន។នេះជាភាពជោគជ័យថ្មីបន្ថែមទៀត សម្រាប់វិស័យអាកាសចរណ៍កម្ពុជា និង ជាការជំរុញវិស័យទេសចរណ៍នៅប្រទេសកម្ពុជាកាន់តែរីកចម្រើន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍។
យោងតាមក្រសួងទេសចរណ៍កម្ពុជា ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ កម្ពុជានឹងទទួលបានជើងហោះហើរត្រង់ថ្មីមួយទៀតទៅទីក្រុងតូក្យូ ដែលប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia ខណៈបច្ចុប្បន្ននេះក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការហោះហើរចេញ-ចូល នៅអាកាសយានដ្ឋានអន្តរជាតិតេជោ មានចំនួន ៣២ ក្រុមហ៊ុន។
ការបន្តបើកជើងហោះហើរត្រង់នេះ គឺជាភាពជោគជ័យបន្ថែមទៀត សម្រាប់វិស័យទេសចរណ៍នៅប្រទេសកម្ពុជា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាស្របតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ។
យោងតាមរយៈការណ៍ពីរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជា រយៈពេល៩ខែ ឆ្នាំ២០២៥ វិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) ចំនួន ៤៧,៦៣៧ ជើង កើនឡើង ១២% បើធៀបទៅនឹងរយៈពេល៩ខែដូចគ្នាទៅនឹងឆ្នាំ២០២៤។ ក្រុមហ៊ុនអាកាសចរណ៍ កំពុងប្រតិបត្តិការហោះហើរចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជាមាន៣២ ក្រុមហ៊ុន៕