ភ្នំពេញ៖ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា នឹងចូលរួមអមដំណើរ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ នាសហរដ្ឋអាម៉េរិក និងប្រទេសកាណាដា ចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។
យោងតាមសំណើពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធាន និងជាប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈ អន្តរជាតិ និងទេសចរណ៍ ធ្វើជាតំណាង ដើម្បីដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជារួមមានអ្នកឧកញ៉ា លី សុភាព, អ្នកឧកញ៉ា សួរ វីរៈ, ឧកញ៉ា លីម តារារិទ្ធ និង លោក ស៊ឺង វីរៈ ចូលរួមអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងបេសកកម្មទាក់ទាញ និងជំរុញវិនិយោគទៅកាន់សហរដ្ឋអាម៉េរិក និងប្រទេសកាណាដា ចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។
គួរបញ្ជាក់ថា គណៈប្រតិភូកម្ពុជានឹងបំពេញបេសកកម្មនៅទីក្រុងឡូសអេនជឺឡេស ឈីកាហ្គោនិងរដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក ក៏ដូចជានៅទីក្រុងតូរ៉ុនតូ និងម៉ុងរ៉េអាល់ ក្នុងប្រទេសកាណាដាដោយនឹងចូលរួមក្នុងកម្មវិធីសំខាន់ៗជាច្រើនរួមមាន៖ ជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃវិស័យឯកជនធំៗមួយចំនួននៅក្នុងប្រទេសកាណាដា, ជំនួបទទួលទានអាហារថ្ងៃត្រង់ និងអាហារពេលល្ងាចជាមួយធុរជនសំខាន់ៗ, សិក្ខាសាលាធុរកិច្ច និងវិនិយោគ, កិច្ចពិភាក្សាតុមូល និងជំនួបផ្គូផ្គងធុរកិច្ចព្រមទាំងដំណើរទស្សនកិច្ចសិក្សានៅតាមបណ្តាក្រុមហ៊ុនមួយចំនួនទៀតផងដែរ៕