សេអ៊ូល៖ រដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េខាងត្បូងបានបញ្ជាក់នៅថ្ងៃសុក្រ ទី ២៤ ខែតុលា នេះថាលោកជឿថាមានឱកាសច្រើនដែលប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំអាចនឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនក្នុងអំឡុងពេលទស្សនកិច្ចនៅឧបទ្វីបកូរ៉េនៅសប្តាហ៍ក្រោយក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅសប្តាហ៍ក្រោយចាប់ពីថ្ងៃទី ៣១ តុលា ដល់ថ្ងៃទី ១ ខែ វិច្ឆិកា ដែលនឹងមានការចូលរួមទាំងប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ និងប្រធានាធិបតីចិន ស៊ី ជិនភីង។
លោកជុងដុងយ៉ុងរដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េបានប្រាប់អ្នកយកព័ត៌មានថាកូរ៉េខាងជើងហាក់ដូចជា កំពុងយកចិត្តទុកដាក់ចំពោះសហរដ្ឋអាម៉េរិក និង បង្ហាញពីលទ្ធភាពច្រើននៃកិច្ចប្រជុំរវាងលោកគីម និងលោកត្រាំអាចនឹងកើតមានឡើងនាសប្តាហ៍ក្រោយនេះ។
លោកជុងដុងយ៉ុងអះអាងទៀតថា លោកគីមធ្លាប់បាននិយាយកាលពីខែមុនថាមានការចងចាំដ៏រីករាយចំពោះលោកត្រាំ ហើយបើកចំហសម្រាប់ការចរចាប្រសិនបើសហរដ្ឋអាម៉េរិកបោះបង់ចោលការបង្ខំឲ្យកូរ៉េខាងជើងបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។
គួរកត់សម្គាល់ថាលោកត្រាំត្រូវបានគេរំពឹងថានឹងមកដល់កូរ៉េខាងត្បូងនៅថ្ងៃពុធសប្តាហ៍ក្រោយដោយលោកនឹងចូលរួមវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលនឹងមានលោកស៊ីជិនភីង និងបណ្តាលមេដឹកនាំធំៗជាច្រើនទៀតចូលរួម។ ជំនួបលោកត្រាំ និងគីមជុងអ៊ុនធ្វើឡើងចុងក្រោយនៅឆ្នាំ ២០១៩ ដែលរាប់មកដល់អាណត្តិទីពីររបស់លោកត្រាំនេះមានរយៈពេលប្រមាណ ៦ ឆ្នាំ មកហើយ៕