ភ្នំពេញ៖ ក្រុមហ៊ុនសេដ្ឋកិច្ចអន្តរជាតិ និងកិច្ចសហប្រតិបត្តិការបច្ចេកទេសដែលមានសាខាជាង៥០០ នៅទូទាំងប្រទេសចិន ចាប់អារម្មណ៍ និងមានគម្រោងចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រសួងទេសចរណ៍កម្ពុជា លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈថ្នាក់ទេសចរណ៍ឆ្លាតវៃ និងគ្រប់គ្រងសណ្ឋាគារ។ ចំណាប់អារម្មណ៍នេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។
នាឱកាសនេះ លោក ហួត ហាក់ បានវាយតម្លៃខ្ពស់ ដល់ក្រុមហ៊ុនសេដ្ឋកិច្ចអន្តរជាតិ និងកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ប្រទេសចិន លើគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍ ជាមួយក្រសួងទេសចរណ៍កម្ពុជា ជាពិសេសគឺការបណ្តុះបណ្តាលសមត្ថភាពគ្រូបង្រៀន ជំនាញវិជ្ជាជីវៈថ្នាក់ទេសចរណ៍ឆ្លាតវៃ និងការគ្រប់គ្រងសណ្ឋាគារដល់សិស្ស និស្សិតដើម្បីលើកកម្ពស់គុណភាពអប់រំ និងដើម្បីបង្កើនប្រាក់ចំណូលបន្ថែមផងដែរ។
ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកស្រីប្រធាននាយកដ្ឋានក្រុមហ៊ុន ក៏បានឯកភាពក្នាលើការជួយបណ្តុះបណ្តាលសមត្ថភាពភាសាចិនសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន និងបើកវគ្គបណ្តុះបណ្តាលសម្រាប់មគ្គុទ្ទេសក៍ ទេសចរណ៍ឱ្យច្រើនដើម្បីបំពេញតម្រូវការភ្ញៀវទេសចរណ៍ចិន ព្រមទាំងធ្វើការទំនាក់ទំនងជាមួយដៃគូរពីប្រទេសចិន ក្នុងការរៀបចំជាសន្និសីទផ្លាស់ប្តូរវិស័យទេសចរណ៍ពាក់ព័ន្ធ និងការអប់រំវិជ្ជាជីវៈទេសចរណ៍អន្តរជាតិធំៗនៅកម្ពុជា ដោយក្រសួងសូមស្វាគមន៍ និងរីករាយជួយសហការសម្របសម្រួលជូនដល់ក្រុមហ៊ុនផងដែរ។ នេះបើតាមក្រសួងទេសចរណ៍៕