ព្យុងយ៉ាង៖ កូរ៉េខាងជើងបានចាប់ផ្តើមសាងសង់វិមានរំលឹកដល់ទាហានរបស់ខ្លួនដែលបានស្លាប់ក្នុងការជួយច្បាំងរុស្ស៊ីប្រឆាំងជាមួយអ៊ុយក្រែន លោកគីមជុងអ៊ុនបានចាត់ទុកការសាងសង់វិមានដើម្បីរំលឹកខួបនេះគឺជាទីសក្ការៈដ៏ពិសិដ្ឋដែលឧទ្ទិសដល់ទាហានកូរ៉េខាងជើងដែលជាអ្នកស្នេហាជាតិពិតប្រាកដ។ នេះបើយោងតាមការចេញផ្សាយដោយកាសែតរដ្ឋកូរ៉េ KCNA។
យោងតាមកាសែតរដ្ឋរបស់កូរ៉េខាងជើងដដែលមេដឹកនាំកូរ៉េខាងជើងបានចាត់ទុកទាហានដែលពលីជីតក្នុងការប្រយុទ្ធជាមួយអ៊ុយក្រែនគឺជាវីរបុរសរបស់កូរ៉េខាងជើងបានបំផ្លាញពួកឈ្លានពានណាស៊ីថ្មីដ៏ឃោរឃៅដោយស្មារតីរឹងមាំរបស់ពួកគេមិនអត់ឱនចំពោះការឈ្លានពានណាមួយឡើយ។ លោកបានបន្ថែមថាទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៊ី ឥឡូវនេះកំពុងឡើងដល់កំពូលប្រវត្តិសាស្ត្រមិនធ្លាប់មានកន្លងមក។ លោកគីមអះអាងទៀតថាវិមាននេះនឹងមានរូបចម្លាក់ឧទ្ទិសដល់ទាហានកូរ៉េខាងជើងដែលបានប្រយុទ្ធនៅក្នុងប្រទេសរុស្ស៊ី ក៏ដូចជារូបថត និងស្នាដៃសិល្បៈដែលបង្ហាញពីការប្រយុទ្ធរបស់ពួកគេ។
KCNA បានរាយការណ៍ទៀតថាថា ឯកអគ្គរដ្ឋទូតទីក្រុងមូស្គូប្រចាំកូរ៉េខាងជើង លោកអាឡិចសាន់ឌឺ ម៉ាត់សេហ្គោរ៉ា និងមន្ត្រីស្ថានទូតរុស្ស៊ីផ្សេងទៀតបានចូលរួមពិធីប្រកាសនៃការសាងសង់វិមានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ មន្ត្រីរដ្ឋាភិបាល និងយោធាកូរ៉េខាងជើងជាច្រើនរូបក៏មានវត្តមានផងដែរ រួមជាមួយក្រុមគ្រួសាររបស់ទាហានដែលបានស្លាប់នៅក្នុងប្រទេសរុស្ស៊ី។
តាមការប៉ាន់ស្មានពីគេញសម្ងាត់របស់កូរ៉េខាងត្បូងបានរាយការណ៍ថាមានយ៉ាងហោចណាស់ទាហានកូរ៉េខាងជើងចំនួន ៦០០ នាក់ត្រូវបានសម្លាប់ និងរាប់ពាន់នាក់ទៀតរងរបួសនៅក្នុយការជួយរុស្ស៊ីប្រយុទ្ធជាមួយនឹងអ៊ុយក្រែនដោយទាហានកូរ៉េខាងជើងភាគច្រើនមិនមានបទពិសោធន៍ប្រយុទ្ធគ្រាប់ពិតនោះទេ៕