681 ezgif.com resize
Swift cc time

កម្ពុជាកំពុងខិតខំប្រែក្លាយពីប្រទេសផលិតទៅជាប្រទេសនាំចេញ«គ្រាប់ស្វាយចន្ទី និងម្រេច»ប្រកបដោយគុណភាពខ្ពស់នៅលើទីផ្សារអន្តរជាតិ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា កម្ពុជាបាននិងកំពុងខិតខំលើកស្ទួយ និងប្រែក្លាយពីប្រទេសផលិត ទៅជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទី និងម្រេច ប្រកបដោយគុណភាពខ្ពស់ និងរួមចំណែករបស់រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្ដោតសំខាន់ទៅលើការពង្រឹងសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារពិភពលោក។ ប្រសាសន៍នេះត្រូវបានថ្លែងឡើងក្នុងពិធីបើក “វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា” ក្រោមមូលបទ “ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប” នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា កម្ពុជាបាននិងកំពុងខិតខំលើកស្ទួយ និងប្រែក្លាយពីប្រទេសផលិត ទៅជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទី និងម្រេច ប្រកបដោយគុណភាពខ្ពស់ និងរួមចំណែករបស់រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្ដោតសំខាន់ទៅលើការពង្រឹងសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារពិភពលោក។ តាមរយៈការសហការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ ក្រសួងពាណិជ្ជកម្មកំពុងពង្រឹងបន្ថែមក្នុងការនាំចេញ ការធានាគុណភាព វិញ្ញាបនប័ត្រ និងប្រព័ន្ធតាមដានដំណើរការផលិតកម្ម ឱ្យស្របគ្នាទៅនឹងស្តង់ដារទីផ្សារអឺរ៉ុប។

ដោយមើលឃើញពីសក្តានុពលនិងកាលានុវត្តភាពនៃដំណាំស្វាយចន្ទី និងម្រេច លោកស្រីបានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម តាមរយៈកិច្ចសហការជិតស្និទ្ធពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បានរួមគ្នារៀបចំគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ និងបច្ចុប្បន្នកំពុងរៀបចំសេចក្តីព្រាងគោលនយោបាយ ម្រេចកម្ពុជា ក្នុងគោលបំណងធ្វើយ៉ាងណារួមគ្នាជំរុញការអភិវឌ្ឍផលិតកម្ម ការកែច្នៃ និងទីផ្សារស្វាយចន្ទីនិងម្រេច ឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិតនិងផ្គត់ផ្គង់ចម្បងមួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានលើកឡើងពីយន្តការចម្បងៗមួយចំនួន ជាពិសេស លើការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាអតិបរមា រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចដ៏ទូលំទូលាយក្នុងតំបន់ (RCEP) ការបន្តពង្រីកទីផ្សារថ្មីៗ និងបង្កើនភាពទុកចិត្តជាដៃគូពាណិជ្ជកម្ម។ ក្នុងនោះ ក្រសួងពាណិជ្ជកម្មនឹងបន្តខិតខំ ដើម្បីធ្វើយ៉ាងណាឱ្យផលិតផលកសិកម្មកម្ពុជា ជាពិសេស ផលិតផលគ្រាប់ស្វាយចន្ទី និងម្រេច ឱ្យក្លាយជាផលិតផលដែលទទួលបានការទុកចិត្ត និងមានតម្លៃខ្ពស់នៅទីផ្សារពិភពលោក។

លោកស្រី ចម និម្មល បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់ និងពង្រឹងសមត្ថភាពផលិត និងការនាំចេញផលិតផលកសិកម្មកម្ពុជា ការអភិវឌ្ឍផលិតកម្ម ការកែច្នៃ និងទីផ្សារស្វាយចន្ទីនិងម្រេច ឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិតនិងផ្គត់ផ្គង់ចម្បងមួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក៕


Khcct banner

អត្ថបទទាក់ទង