ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជានឹងរៀបចំ “ទិវាសន្សំអាស៊ាន” នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅទីរួមខេត្តកំពត ដែលអនុញ្ញាតឱ្យចូលរួមដោយសេរី ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈចំពោះសារៈសំខាន់នៃការសន្សំប្រាក់។ តាមរយៈការចូលរួមកម្មវិធីនេះ សាធារណជននឹងទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទស្សនាការតាំងបង្ហាញពីសេវាសន្សំផ្លូវការ ព្រមទាំងទទួលបានការកម្សាន្ត និងវត្ថុអនុស្សាវរីយ៍។
ធនាគារជាតិកាលពីថ្ងៃទី ២២ តុលា ២០២៥ បានប្រកាសជាសាធារណៈលើគេហទំព័រផ្លូវការថា ធនាគារជាតិនៃកម្ពុជានឹងរៀបចំ “ទិវាសន្សំអាស៊ាន” នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដែលនឹងប្រារព្ធនៅទីតាំងស្ថិតនៅទីរួមខេត្តកំពតផ្ទាល់។ សម្រាប់ទីតាំងជាក់លាក់ អាចស្គែនក្នុង QR ដែលមានភ្ជាប់ក្នុងរូបខាងក្រោម។ សកម្មភាពមួយចំនួនក្នុងថ្ងៃទី ៣១ តុលា រួមមាន ការតាំងបង្ហាញពីសេវាសន្សំផ្លូវការ ការផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឱកាសក្នុងការកម្សាន្ត និងទទួលនូវវត្ថុអនុស្សាវរីយ៍នានា។
គួរបញ្ជាក់ថា ទិវាសន្សំអាស៊ាន ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលដៅលើកកម្ពស់ការយល់ដឹងជាសាធារណៈចំពោះសារៈសំខាន់នៃការសន្សំប្រាក់ ដែលស្របទៅនឹងការខិតខំរបស់បណ្តាប្រទេសអាស៊ានទាំងអស់ ក្នុងការជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុនៅក្នុងតំបន់៕