ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ស្នើឱ្យអាស៊ានលើកទឹកចិត្តពង្រឹងយន្តការស្ថាប័នជំនាញអាស៊ាន (Regional Skills Body) ដើម្បីជំរុញចល័តភាព និងការទទួលស្គាល់ជំនាញរបស់ពលករជំនាញនៅតាមប្រទេសសមាជិក ព្រមទាំងអំពាវនាវឱ្យមានចល័តភាពអត្ថប្រយោជន៍សន្តិសុខសង្គម ដើម្បីធានាបាននូវការការពារ និងអត្ថប្រយោជន៍របស់ពលករទេសន្តរប្រវេសន៍។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងវេទិកាជំនាញសកលឆ្នាំ២០២៥ (Global Skills Forum 2025) នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
នាឱកាសនោះ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ក្នុងការដឹកនាំរៀបចំកម្មវិធីវេទិកាជំនាញសកល ឆ្នាំ២០២៥ នេះ និងថ្លែងអំណរគុណចំពោះអង្គការអន្តរជាតិខាងការងារ (ILO) ដែលបានផ្ដល់កិច្ច សហការក្នុងការដោះស្រាយបញ្ហាប្រឈមទាំងក្នុងតំបន់ និងជាសាកលពាក់ព័ន្ធនឹងជំនាញ។
ប្រធានបទនៃកិច្ចពិភាក្សាផ្តោតលើការផ្សារភ្ជាប់គម្លាតជំនាញអាស៊ានតាមរយៈកិច្ចសហប្រតិបត្តិការក្នុងតំបន់៖ ការលើកកម្ពស់ចល័តកម្លាំងពលកម្ម ជំរុញកំណើនប្រកបដោយបរិយាបន្ន និងការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ដើម្បីកំណត់នូវទស្សនវិស័យគោលនយោបាយ និងការប្តេជ្ញាចិត្តក្នុងតំបន់ និងកិច្ចព្រមព្រៀងស្តីពីសកម្មភាពសម្រាប់តាមដានឆ្នាំជំនាញអាស៊ាន ២០២៥។
រដ្ឋមន្រ្តីក្រសួងការងារបានលើកឡើងថា ការអភិវឌ្ឍជំនាញអាចសម្រេចទៅបានដោយមានការចូលរួមពីរដ្ឋាភិបាល វិស័យឯកជន កម្មករនិយោជិត និងគ្រឹះស្ថានបណ្ដុះបណ្ដាល។ កម្ពុជាបានដាក់អនុវត្តគោលនយោបាយជាច្រើន ដើម្បីជំរុញការចូលរួមរបស់វិស័យឯកជនក្នុងការបណ្តុះបណ្តាល និងបង្កើនជំនាញ តាមរយៈការលើកទឹកចិត្តឱ្យមានការចូលរួមជាមួយមូលនិធិអភិវឌ្ឍជំនាញ ។
ជាចុងក្រោយ លោក ហេង សួរ ក៏បានស្នើឱ្យអាស៊ានលើកទឹកចិត្តពង្រឹងយន្តការស្ថាប័នជំនាញអាស៊ាន (Regional Skills Body) ដើម្បីជំរុញចល័តភាព និងការទទួលស្គាល់ជំនាញរបស់ពលករជំនាញនៅតាមប្រទេសសមាជិក ព្រមទាំងអំពាវនាវឱ្យមានចល័តភាពអត្ថប្រយោជន៍សន្តិសុខសង្គម ដើម្បីធានាបាននូវការការពារ និងអត្ថប្រយោជន៍របស់ពលករទេសន្តរប្រវេសន៍៕