ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ២២ តុលានេះ ផ្ញើសារលិខិតអបអរសាទរ លោកស្រី TAKAICHI Sanae ដែលត្រូវបានជ្រើសតាំងជា នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន។ក្នុងសារលិខិតនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសត្រៀមខ្លួនរួចជាស្រេចធ្វើការជាមួយនាយករដ្ឋមន្ត្រីថ្មីជប៉ុន ដើម្បីមិត្តភាពយូរអង្វែង។
យោងតាមសារលិខិតនោះ សម្តេច ហ៊ុន ម៉ាណែត បានសម្តែងការអបអរសាទរ ជាមួយលោកស្រី TAKAICHI Sanae ដែលត្រូវបានជ្រើសតាំងជា នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន ដែលជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ជប៉ុន នៅថ្ងៃទី ២១ តុលា ឆ្នាំ២០២៥នេះ។សម្រាប់សម្តេច រយៈពេលជាច្រើនឆ្នាំមកនេះ ទំនាក់ទំនងកម្ពុជា និងជប៉ុន បានកំពុងថែរក្សាទំនាក់ទំនងដ៏ល្អប្រសើរតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំក្នុងវិស័យជាច្រើន។
បើតាមសម្តេច ហ៊ុន ម៉ាណែត កម្ពុជា និងជប៉ុនបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលរបត់ថ្មីនៃទំនាក់ទំនងកម្ពុជា ជប៉ុន។ហើយសម្តេចបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយលោកស្រី TAKAICHI Sanae ដើម្បីមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ រួមគ្នាលើកកម្ពស់ចក្ខុវិស័យដើម្បីសន្តិភាព ស្ថិរភាព ក្នុងតំបន់ និងសកលលោក។
គួរបញ្ជាក់ថា លោកស្រី Sanae Takaichi បានឈ្នះការបោះឆ្នោតនៅសភាជាន់ទាបដ៏គួរឲ្យភ្ញាក់ផ្អើល និងក្លាយជានាយករដ្ឋមន្ត្រីជាស្រ្តីលើកដំបូងរបស់ជប៉ុន៕