681 ezgif.com resize
Swift cc time

កម្ពុជាសម្រេចបិទការប្រើប្រាស់«ឧបករណ៍អេឡិចត្រូនិក សារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា»

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២១ តុលា ២០២៥នេះ បានដាក់ចេញវិធានការ «ហាមឃាត់» ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុក«ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា»។ការសម្រេចនេះ ក្រោយសង្កេតឃើញថា ការរីករាលដាលការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងចំណោមកុមារនិង យុវជននៅកម្ពុជា ដែលផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សង្គម សុខភាព សាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ។

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញបទបញ្ជារដ្ឋាភិបាលទាំង៩ចំណុច ក្នុងនោះរួមមាន ឱ្យក្រសួងសុខាភិបាលណែនាំ ដើម្បីអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់សុខភាពនិង គ្រោះថ្នាក់នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។ ចំណែកឯ ក្រសួងអប់រំ រដ្ឋាភិបាលបានដាក់បទបញ្ជាឱ្យចេញសេចក្តីណែនាំ ដើម្បីអប់រំ បង្ការ ទប់ស្កាត់ និងហាមឃាត់ ដាច់ខាតការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា នៅក្នុងនិងជុំវិញបរិវេណ គ្រឹះស្ថានសិក្សាសាធារណៈ គ្រឹះស្ថានសិក្សាឯកជន គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន អន្តេវាសិកដ្ឋាន មជ្ឈមណ្ឌលសិក្សាសហគមន៍ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា កន្លែងហ្វឹកហាត់កីឡា និងកន្លែងប្រកួតកីឡា។

រដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការស្របតាមច្បាប់និងលិខិតបទដ្ឋាន គតិយុត្តជាធរមានចំពោះបុគ្គលណាដែលបានចែកចាយ លក់ ស្តុកទុក ផ្សព្វផ្សាយពាណិជ្ជកម្មឬផ្សព្វផ្សាយ លក់ផលិត និង/ឬនាំចូលឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា តាមមធ្យោបាយណា ក៏ដោយ ត្រូវព្រមានជាលាយលក្ខណ៍អក្សរ ដកហូត និងព្យួរវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីពាណិជ្ជកម្ម អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម សេវាកម្មដែលចេញដោយក្រសួង ស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធ ទោះជាប្រភេទ អាជីវកម្ម សេវាកម្មអ្វីក៏ដោយ៕


Khcct banner

អត្ថបទទាក់ទង