ថៃ៖ កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅខេត្តចន្ទបុរី ប្រទេសថៃ កាលពីថ្ងៃទី២១-២២ ខែតុលា សម្រេចបោះបង្គោលបណ្តោះអាសន្ន នៅតំបន់ភូមិជោគជ័យ-ណងចាន់ និងភូមិព្រៃចាន់-ណងយ៉ាកែវ ចន្លោះបង្គោលលេខ 42-47 ដោយធ្វើឡើងក្នុងគោលបំណងបម្រើឱ្យការវាស់វែងប៉ុណ្ណោះ មិនត្រូវប៉ះពាល់ដល់ខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ។ ភាគីទាំងពីរឯកភាពសម្របសម្រួលមិនរារាំងដល់ក្រុមវាស់វែងចម្រុះ ព្រមទាំងត្រូវចៀសវាងរាល់សកម្មភាពបង្កហេតុ ដែលអាចបង្កើតភាពតានតឹងបន្ថែមទៀតនៅក្នុងតំបន់នេះ។
យោងតាមតាមលទ្ធផលកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពពិនិត្យកែសម្រួលបញ្ចប់បែបបទណែនាំបច្ចេកទេស (TI) សម្រាប់ការវាស់វែងរួមគ្នា និងបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនអាទិភាពនៅចន្លោះបង្គោលលេខ 42-47។ បន្ទាប់ពីបញ្ចប់ការវាស់វែង និង បោះបង្គោលបណ្តោះអាសន្ន ព្រមទាំងទទួលបានការយល់ព្រមពីរដ្ឋាភិបាលរៀងខ្លួន ភាគីទាំងពីរនឹងស្នើសុំយោបល់ពីរដ្ឋាភិបាលរៀងៗខ្លួន ដើម្បីពិនិត្យសម្រេចលើ ការបង្កើតយន្តការសមស្របណាមួយ សម្រាប់ធ្វើការកែសម្រួលការកាន់កាប់និងអាស្រ័យផលរបស់ភាគីទាំងពីរ។
ការបោះបង្គោលបណ្តោះអាសន្ន គឺធ្វើឡើងក្នុងគោលបំណងបម្រើឱ្យការវាស់វែងប៉ុណ្ណោះ ដោយមិនត្រូវ ប៉ះពាល់ដល់ខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ។ ភាគីទាំងពីរ បានឯកភាពសម្របសម្រួលណែនាំដល់អាជ្ញាធរមូលដ្ឋាន រួមទាំងកងកម្លាំងយោធា និង ជនស៊ីវិល ដើម្បីចូលរួមធានាសុវត្ថិភាព និងមិនរារាំងដល់ក្រុមវាស់វែងចម្រុះ ព្រមទាំងត្រូវចៀសវាង រាល់សកម្មភាពបង្កហេតុ ដែលអាចបង្កើតភាពតានតឹងបន្ថែមទៀតនៅក្នុងតំបន់នេះ ហើយត្រូវធានា សុវត្ថិភាពពីគ្រាប់មីន ដោយអនុលោមតាមមាត្រា ៣ នៃ MOU ឆ្នាំ ២០០០។
គួរបញ្ជាក់ថា ភាគីទាំងពីរបានឯកភាពថា កិច្ចប្រជុំបន្ទាប់របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នឹង ប្រព្រឹត្តទៅនៅសប្តាហ៍ទីមួយនៃខែមករា ឆ្នាំ ២០២៦ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា៕