ទីក្រុងហ្សឺណែវ៖លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និង ជាប្រធានគណៈប្រតិភូសភាកម្ពុជា នៅថ្ងៃទី ២១ តុលា បានថ្លែងសុន្ទរកថានៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត IPU លើកទី១៥១ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ក្នុងវេទិកាអន្តរជាតិនេះ លោកបានបកអាក្រាតពីសកម្មភាពរបស់ប្រទេសថៃដែលមិនគោរពលិខិតុបករណ៍ច្បាប់ និងកិច្ចព្រមព្រៀងនានា ដើម្បីឈ្លានពានលើទឹកដីប្រទេសកម្ពុជា។
លោក អ៊ូច បូររិទ្ធ បានគូសបញ្ជាក់ក្នុងវេទិកា IPU ថា កម្ពុជាជាប្រជាជាតិដែល "បានរងទុក្ខវេទនាយ៉ាងខ្លាំងកាលពីអតីតកាល" ហើយ "ស្រឡាញ់និងការពារសុខសន្តិភាព" ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិ ។ កម្ពុជា "គ្មានបំណងចង់មានទំនាស់ជាមួយប្រទេសណាមួយឡើយ ជាពិសេសថៃ" ប៉ុន្តែ "ដើម្បីការពិត យើងខ្ញុំមានភាពចាំបាច់ត្រូវធ្វើការឆ្លើយតប"។លោកថា ព្រំដែនរវាងប្រទេសទាំងពីរ "មិនមែនមិនទាន់បានកំណត់នោះទេ" តែមានមូលដ្ឋានក្នុង "លិខិតុបករណ៍អន្តរជាតិដែលចងកាតព្វកិច្ចអនុវត្ត" រួមទាំងអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤, សន្ធិសញ្ញា ឆ្នាំ១៩០៧ និង ផែនទីឧបសម្ព័ន្ធ ដែលត្រូវបានបញ្ជាក់អះអាងឡើងវិញដោយសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ។
បើតាមលោក អ៊ុច បូររិទ្ធ ជម្លោះកើតឡើង "កើតចេញពីការមិនគោរពលិខិតុបករណ៍ច្បាប់ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិទាំងនេះ"។ប្រជាពលរដ្ឋកម្ពុជានៅតែប្រឈមមុខនឹងការជម្លៀសចេញពីទីលំនៅ ការហ៊ុមព័ទ្ធ និង ការគំរាមកំហែងបណ្តេញចេញ ហើយទាហានកម្ពុជា ១៨ នាក់ នៅតែបន្តឃុំខ្លួនដោយខុសច្បាប់ ដែលរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវទី៣ ។លោកលើកឡើងអំពី "ការបំភិតបំភ័យផ្លូវចិត្ត" ដូចជា "ការចាក់បន្លឺសំឡេងខ្មោច និងសំឡេងស្រែកត្រហូរយំនៅពេលយប់" ថាជា "ការវាយប្រហារលើសេចក្តីថ្លៃថ្នូររបស់មនុស្ស" ដែលរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវទី៤។
តបទៅនឹងការចោទប្រកាន់នានា លោកបានច្រានចោលការអះអាងអំពី "ការធ្វើយោធូបនីយកម្ម" តំបន់បេតិកភណ្ឌពិភពលោក ថា "គ្មានមូលដ្ឋានទាល់តែសោះ" ដោយបញ្ជាក់ថា កម្ពុជាការពារប្រាសាទព្រះវិហារ "មិនមែនតាមរយៈការប្រើអាវុធនោះទេ ប៉ុន្តែតាមរយៈភាពជាបេតិកភណ្ឌ ច្បាប់ និង ការអត់ធ្មត់" “ ប្រាសាទមិនមែនគ្រាន់តែជាកេរ៍តំណែលពីអតីតកាលប៉ុណ្ណោះទេ តែវាបង្កប់នូវការចងចាំ អត្តសញ្ញាណ និងដួងព្រលឹងនៃប្រជាជាតិ។ ការធ្វើឱ្យប៉ះពាល់ដល់បេតិកភណ្ឌទាំងនេះ គឺធ្វើឱ្យរបួសដល់មនុស្សជាតិទាំងមូល”។ ឯកឧត្តមបានបន្ថែមថា ”ឥរិយាបថរបស់យើងត្រូវបានដឹកនាំដោយគោលការណ៍ មិនមែនដោយការឃោសនាឡើយ។ យើងដឹកនាំដោយច្បាប់ មិនមែនដោយមហិច្ឆតា នោះទេ” ។
លោកក៏បានហៅការចោទប្រកាន់ពីការដាក់គ្រាប់មីនថ្មីថា "ទាំងគ្មានមូលដ្ឋាន និងទាំងមិនអាចកើតឡើង" ដោយគូសបញ្ជាក់ពីកំណត់ត្រារបស់កម្ពុជាដែលបាន "បំផ្លាញគ្រាប់មីនជាងបីលានគ្រាប់" និងជា "អ្នកតស៊ូមតិនាំមុខគេក្នុងការដោះមីន ក្រោមអនុសញ្ញាអូតាវ៉ា"៕