ភ្នំពេញ៖ ក្នុងឆ្នាំ២០២៥ ដោយមានការអន្ថរាគមន៍ពីកម្លាំងសមត្ថកិច្ច និងកងកម្លាំងនគរបាល ខណៈមានការចូលរួមពីប្រជាពលរដ្ឋ បានធ្វើឱ្យបទល្មើសព្រហ្មទណ្ឌថយចុះ ១៧% លទ្ធផលបង្ក្រាប រហូតដល់ ៩៦% ហើយគ្រោះថ្នាក់ចរាចរណ៍ថយចុះ ៣០% (អ្នកស្លាប់ថយ ១៥% របួសថយ ៣១%)។
ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗ ដោយសង្ខេបប្រចាំសប្តាហ៍ របស់លេខាធិការដ្ឋានសម្រាប់គាំទ្រការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មាន សុវត្ថិភាព» កាលពីថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥។ ការប្រជុំនេះ បានលើកឡើងនូវរបាយការណ៍ នឹងពិភាក្សាពង្រឹងប្រសិទ្ធភាពការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ ព្រមទាំងពង្រឹងការគាំទ្រការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។
តាមរយៈរបាយការណ៍នព្វមាស ឆ្នាំ២០២៥ របស់គណៈបញ្ជាការឯកភាពរដ្ឋបាល គ្រប់ថ្នាក់បានខិតខំបំពេញការងារដោយមានកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ថែរក្សាការពារបានសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមបានល្អ ដែលក្នុងនោះ មានកងកម្លាំងនគរបាលបានដើរតួនាទី ជាកម្លាំងស្នូល និងបានការចូលរួមពីប្រជាពលរដ្ឋផងនោះ បានធ្វើឱ្យបទល្មើសព្រហ្មទណ្ឌថយចុះ ១៧% លទ្ធផលបង្ក្រាប រហូតដល់ ៩៦% ហើយគ្រោះថ្នាក់ចរាចរណ៍ថយចុះ ៣០% (អ្នកស្លាប់ថយ ១៥% របួសថយ ៣១%)។
បើតាមប្រភពដដែល ចំពោះការផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត សេវាកើន ៥% ចំណូលកើន ៣០% និងនៅការិយាល័យ ច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ សេវាកើន ១៩% ចំណូលកើន ៣០% ប៉ុន្តែកិច្ចការបច្ចេកទេសនៅមានការយឺតយ៉ាវ ពុំទាន់ឆ្លើយតប និងពុំទាន់មានស្តង់ដារួម៕