ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមានការប្រែប្រួលទេ និងកំពុងដំណើរការតាមកាលបរិច្ឆេទ នៃដំណាក់កាលនីមួយៗដោយគ្រោងនឹងចាប់ផ្តើមជីកនៅពេលទឹកស្រកខាងមុខ អាចចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២៥ខាងមុខ ហើយគម្រោងនេះនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៨ខាងមុខ។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា បច្ចុប្បន្នគម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតក្នុងដំណាក់កាលវាល់វែង និងដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ។ ការដោះស្រាយផលប៉ះពាល់ ត្រូវធ្វើឡើងតាមយន្តការដោះស្រាយផលប៉ះពាល់របស់រាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន, អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ។
លោកបន្ថែមថា ពេលនេះក្រុមការងារដោះស្រាយផលប៉ះពាល់កំពុងធ្វើសកម្មភាពនៅកំណាត់ទី២(ក្នុងខេត្តកណ្តាល) ដោយបានអង្កេត វាស់វែង និងចងក្រងទិន្នន័យផលប៉ះពាល់លម្អិតលើសំណង់ លំនៅដ្ឋាន និងដីស្រែ នៅស្រុកកោះធំ។ ក្រុមការងារបានសម្ភាសន៍ និងផ្ដិតមេដៃប្រជាពលរដ្ឋរងផលប៉ះពាល់ព្រមទាំងបានរៀបចំវេទិកាពិភាក្សា និងការសម្របសម្រួលជាមួយប្រជាពលរដ្ឋជាបន្តបន្ទាប់។
អ្នកនាំពាក្យរូបនេះបន្តថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវតិ្តសាស្រ្តរបស់កម្ពុជា ហើយត្រូវបានចាត់ទុកជាការបោះជំហានដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងការកែប្រែមុខមាត់កម្ពុជា ក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាផងដែរ។ ផ្លូវទឹកប្រវត្តិសាស្រ្តមួយខ្សែនេះឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយត្រូវបានរចនាឡើងសម្រាប់នាវាដែលមានទម្ងន់ផ្ទុករហូតដល់ ៣ ០០០ DWT ទៅ-មក និងជៀសគ្នាបានដោយសុវត្ថិភាព។
គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយដែលមានភាពប្រទាក់ក្រឡា និងតភ្ជាប់បានគ្រប់ជ្រុងជ្រោយ ព្រមទាំងចូលរួមបំពេញបន្ថែមចន្លោះប្រហោងមួយចំនួននៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក និងសមុទ្ររបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនប្រសិទ្ធភាព កាត់បន្ថយចម្ងាយ និងតម្លៃដឹកជញ្ជូន ធានាភាពប្រកួតប្រជែង ធានាឯករាជ្យភាព និងសុវត្ថិភាពនៃការដឹកជញ្ជូនតាមប្រព័ន្ធផ្លូវទឹក និងតភ្ជាប់ត្រង់ពីបណ្តាញទន្លេមេគង្គទៅសមុទ្រ។
លោកបន្ថែមថា នៅពេលគម្រោងនេះបញ្ចប់ នឹងចូលរួមលើកកម្ពស់ការតភ្ជាប់បណ្តាញផ្លូវទឹកក្នុងប្រទេសទៅសមុទ្រជាតិនិងអន្តរជាតិ, ពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ជំរុញការធ្វើពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពនិងភាពងាយស្រួល រវាងកម្ពុជាទៅកាន់តំបន់នានាដែលជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសធានាចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។
គម្រោងនេះក៏នឹងផ្តល់អត្ថប្រយោជន៍រួមមានជាច្រើនរួមមាន ការបង្កើនផលិតភាពកសិកម្មសួនឧស្សាហកម្ម ទេសចរណ៍ កាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងឡូជីស្ទីក បង្កើនការតភ្ជាប់បណ្តាញដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ បង្កើតការងារថ្មីៗជាច្រើនជូនប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍ និងវិនិយោគពហុវិស័យសម្រាប់តំបន់នានាតាមបណ្តោយខ្សែផ្លូវទឹកមួយនេះ៕