681 ezgif.com resize
Swift cc time

អគ្គនាយកវិទ្យាស្ថានប៉ាស្ទ័រប៉ារីស ប្ដេជ្ញាបន្តសហការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់សុខភាពសាធារណៈរបស់កម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសុខាភិបាល)

ភ្នំពេញ៖ អគ្គនាយកវិទ្យាស្ថានប៉ាស្ទ័រប៉ារីស ប្តេជ្ញាចិត្តក្នុងការចូលរួមគាំទ្រគំនិតផ្តួចផ្តើមផ្នែកសុខាភិបាលនៅកម្ពុជា និងបន្តធ្វើការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងក្រសួងសុខាភិបាល ឆ្លើយតបបានទៅនឹងតម្រូវការនៃសុខភាពសាធារណៈរបស់កម្ពុជា។ ការប្ដេជ្ញានេះ ត្រូវបានបង្ហាញឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។

នាឱកាសនេះ លោកស្រីវេជ្ជបណ្ឌិត បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការសំខាន់ៗក្នុងវិស័យសុខាភិបាល រវាងក្រសួងសុភិបាល និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាកន្លងមក ព្រមទាំងបានថ្លែងអំណរគុណដល់ការគាំទ្រដោយឥតងាករេ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩។

ការពិភាក្សា បានផ្តោតលើការពង្រឹងភាពជាដៃគូដែលមានស្រាប់ និងពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការបន្ថែមទៀតដូចជា ការស្រាវជ្រាវជំងឺឆ្លង ការកសាងសមត្ថភាពមន្ទីរពិសោធន៍ទាំងនៅថ្នាក់ខេត្ត និងថ្នាក់ជាតិ ការបណ្តុះបណ្តាលអ្នកជំនាញមន្ទីរពិសោធន៍ និងអ្នកជំនាញស្រាវជ្រាវជំងឺ។

លោកស្រីសាស្ត្រាចារ្យ Yasmine BELKAID អគ្គនាយកវិទ្យាស្ថានប៉ាស្ទ័រប៉ារីស បានវាយតម្លៃខ្ពស់នូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល ដែលតែងតែសម្របសម្រួលការងារ ការផ្លាស់ប្តូរព័ត៌មាន របាយការណ៍ និងការដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ នៃក្រុមប្រឹក្សាភិបាលវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

ក្នុងនាមវិទ្យាស្ថានប៉ាស្ទ័រប៉ារីស លោកស្រីបានបញ្ជាក់ជូន នូវការប្តេជ្ញាចិត្តរបស់វិទ្យាស្ថានប៉ាស្ទ័រប៉ារីស ក្នុងការចូលរួមគាំទ្រគំនិតផ្តួចផ្តើមផ្នែកសុខាភិបាលនៅកម្ពុជា និងបន្តធ្វើការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងក្រសួងសុខាភិបាល ឆ្លើយតបបានទៅនឹងតម្រូវការនៃសុខភាពសាធារណៈរបស់កម្ពុជា។ ភាគីទាំងពីរ បានទទួលស្គាល់ពីសារៈសំខាន់នៃការបន្តការផ្លាស់ប្តូរបទពិសោធន៍ របកគំហើញវិទ្យាសាស្ត្រ និងគម្រោងកិច្ចសហប្រតិបត្តិការនានា ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពជាសកល៕


Khcct banner

អត្ថបទទាក់ទង