លោកបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការរដ្ឋសភានិងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថាកម្ពុជាជាប្រទេសតូចកំពុងអភិវឌ្ឍន៍មានការបញ្ចេញឧស្ម័ន្មផ្ទះកញ្ចក់តិចតូចប៉ុន្តែបានរងគ្រោះពីការប្រែប្រួល អាកាសធាតុដែលជាបញ្ហាសកល ធ្ងន់ធ្ងរ។ តាំងពីឆ្នាំ១៩៩៥មក កម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញកាតព្វកិច្ចសកល នៅក្នុងការឆ្លើយតបការប្រែប្រួលអាកាសធាតុ។
ការថ្លែងនេះធ្វើឡើងក្នុងសិក្ខាសាលាអន្តរជាតិលើកទី១៤ ស្តីពីសេវាស្រាវជ្រាវសភា នៅសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី២១ ខែតុលាឆ្នាំ២០២៥នេះ លោកបណ្ឌិត កែវ បានអញ្ជើញថ្លែងបទអន្តរាគមន៍ ក្នុងប្រធានបទស្តីពី «និន្នាការនីតិប្បញ្ញត្តិ និងគោលនយោបាយឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុ»។
លោកបណ្ឌិត បានគូសបញ្ជាក់ថា ការប្តេជ្ញាយ៉ាងចិត្តដ៏មោះមុត របស់កម្ពុជាក្នុងការឆ្លើយតបការប្រែប្រួលអាកាសធាតុ ដើម្បីឆ្ពោះទៅរកអនាគតដែលមានការអភិវឌ្ឍប្រកបដោយចីរភាព ធន់នឹងការប្រែប្រួលអាកាសធាតុ និងមានតុល្យភាពបរិស្ថាន តាមរយៈគោលនយោបាយ និងកិច្ចផ្តួចផ្តើមយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យកម្ពុជា មានភាពស្អាត ភាពបៃតង និងសម្រេចគោលដៅ ដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់កម្ពុជាអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
នៅក្នុងបទអន្តរាគមន៍នោះ លោកបណ្ឌិត ក៏បានលើកឡើងពី តួនាទីដ៏សំខាន់របស់នាយកដ្ឋានស្រាវជ្រាវកិច្ចការជាតិនិងនាយកដ្ឋានស្រាវជ្រាវកិច្ចការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចូលរួមនិងគំាទ្រដល់រដ្ឋសភា ក្នុងការបំពេញតូនាទីរបស់ខ្លួន ក្នុងការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុនេះ។
សិក្ខាសាលាអន្តរជាតិលើកទី១៤ ស្តីពីសេវាស្រាវជ្រាវសភា នៅសាធារណរដ្ឋកូរ៉េនេះ ប្រារព្ធធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២១ និង២២ ខែតុលាឆ្នាំ២០២៥ ដោយមានវាគ្មិនសំខាន់ៗ អញ្ជើញមកថ្លែងសន្ទរកថា និងចែករំលែកបំបទពិសោធន៍។ សិក្ខាសាលានេះ មានប្រតិភូចូលរួមមកពី ១៧ប្រទេស ដើម្បីពិភាក្សាលើប្រធានបទចំនួន ២គឺ៖ ១) «និន្នាការនីតិប្បញ្ញត្តិ និងគោលនយោបាយឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុ» និង ២) «តួនាទីរបស់សភាក្នុងការកាត់បន្ថយវិសមភាព» ។
នៅក្នុងឱកាសចូលរួមសិក្ខាសាលាជាលក្ខណៈអន្តរជាតិនេះ លោកបណ្ឌិត កែវ ពិសិដ្ឋ បានជួបប្រាស្រ័យទាក់ទង ពិភាក្សាការងារ ពង្រឹងបណ្តាញទំនាក់ទំនាក់ជាមួយគណៈប្រតិភូមកពីប្រទេសផ្សេងៗ។ លោកបានជម្រាបជូនគណៈប្រតិភូនានា ពីសភាពការណ៍ពិតនិងការវិវត្តថ្មីៗនៃជម្លោះព្រំដែនកម្ពុជា-ថៃ និង ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាន ផងដែរ៕