ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ឆ្ពោះទៅទិសខាងកើតម្តងទៀតក្រោយអាក់ខានបាញ់អស់រយៈពេលជាង ៥ ខែ មក ការបាញ់បង្ហោះនៅព្រឹកថ្ងៃទី ២២ ខែ តុលានេះមិនទាន់ត្រូវបានមន្រ្តីជំនាញកូរ៉េខាងត្បូងផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការបាញ់បង្ហោះនោះទេ។ ការបាញ់បង្ហោះនេះធ្វើឡើងមុនដំណើរទស្សនកិច្ចរបស់មេដឹកនាំធំៗជាច្រើនរូបដែលនឹងចូលរួមវេទិកាសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅសប្តាហ៍ក្រោយចាប់ពីថ្ងៃទី ៣១ តុលា ដល់ថ្ងៃទី ១ ខែ វិច្ឆិកា ដែលនឹងមានការចូលរួមទាំងប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ និងប្រធានាធិបតីចិន ស៊ី ជិនភីង។
យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានគូសបញ្ជាក់ថាការបាញ់បង្ហោះនេះ គឺឆ្ពោះទៅកាន់សមុទ្រ នៅឆ្នេរសមុទ្រភាគខាងកើត របស់ប្រទេសកូរ៉េខាងជើង។ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកលើកចុងក្រោយកាលពីថ្ងៃទី៨ ឧសភា នៅពេលដែលខ្លួនបានបាញ់មីស៊ីលរយៈចម្ងាយខ្លីច្រើនគ្រាប់ចេញពីឆ្នេរភាគខាងកើតរបស់ខ្លួន ។ កូរ៉េខាងជើងបានច្រានចោលបម្រាមអន្តរជាតិដែលគាំទ្រដោយសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង ចំពោះការអភិវឌ្ឍមីស៊ីលផ្លោងរបស់ខ្លួន៕