កណ្ដាល៖ លោក ឈុន ពុទ្ឋារិទ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស អនុវត្តតាមការណែនាំលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី២១ ខែតុលាឆ្នាំ២០២៥ បានដឹកនាំមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ ព្រមទាំងមានការចូលរួមពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល អាជ្ញាធរដែនដី ព្រះសង្ឃ និងប្រជាពលរដ្ឋ ចុះពិនិត្យជាក់ស្តែងទីតាំងមាត់ស្ទឹងលើកដែកដែលរងការបាក់ច្រាំង នៅចំណុចវត្តជ្រោយ ភូមិអន្លង់ស្លាត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។
លោក លោក ឈុន ពុទ្ឋារិទ្ឋ បានបញ្ជាក់ឱ្យដឹងថា ទីតាំងដែលបានបាក់ស្រុតនេះ ស្ថិតនៅវត្តជ្រោយជាប់មាត់ស្ទឹងលើកដែក នៅពេលដែលទឹកពីទន្លេមេគង្គ និងទន្លេបាសាក់ហូរចូលតាមព្រែកលើកដែកមកប្រសព្វត្រង់ចំណុចមុខវត្តជ្រោយនេះ ធ្វើឱ្យចរន្តទឹកកួចវិល បណ្តាលឱ្យដីច្រាំងសឹករិចរិល ស្របពេលលូរំដោះទឹកភ្លៀងក្នុងវត្តបង្ហូរធ្លាក់ចំទីតាំងដែលបានបាក់ស្រុត ដែលជាផ្នែកមួយធ្វើឱ្យមានជម្រាបទឹកក្រោមដី បណ្តាលឱ្យមានការបាក់ស្រុតតែម្តង។
គួរបញ្ជាក់ថា ហេតុការណ៍បាក់ស្រុតច្រាំងនេះ បានបណ្តាលឲ្យច្រាំងស្ទឹងលើកដែក បាក់ស្រុតប្រវែង ៤០ម៉ែត្រ និងបាក់ចូលជម្រៅប្រហែល ២០ម៉ែត្រ ព្រមទាំងបង្កការខូចខាតកុដិចំនួន ១ខ្នង ខ្យូសប្រក់ក្បឿងចំនួន ១ខ្នង និងខ្ទមអ្នកតាចំនួន១៕