ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២០ តុលា បានជួបជាមួយលោក Matt Western សមាជិកសភាអង់គ្លេស និងជាបេ្រសិតពាណិជ្ជកម្មប្រចាំកម្ពុជា ដើម្បីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស ផ្តោតលើកំណើនតំបន់សេដ្ឋកិច្ចពិសេសបៃតង និងកិច្ចការក្រោមសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេស ជាពិសេសការត្រៀមរៀបចំវេទិកាពាណិជ្ជកម្មនិងវិនិយោគរួមលើកទី៣ នាពេលខាងមុខ។
នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ លោក សំហេង បូរ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពង់របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមពិសារអាហារថ្ងៃត្រង់ការងារជាមួយ លោក Matt Western សមាជិកសភាអង់គ្លេស និងជាបេ្រសិតពាណិជ្ជកម្មប្រចាំកម្ពុជា ថៃ ឡាវ និងវៀតណាម និងគណៈប្រតិភូសា្ថនទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដើម្បីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស។
នាឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាអំពីការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចក្រភពអង់គ្លេសឱ្យកាន់តែល្អប្រសើរឡើងបន្ថែមមួយកម្រិតទៀត ដោយផ្តោតលើកំណើនប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព តំបន់សេដ្ឋកិច្ចពិសេសបៃតង និងកិច្ចសហប្រតិបត្តិការបច្ចេកទេសក្រោមកម្មវិធីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេស ស្របតាមចក្ខុវិស័យអភិវឌ្ឍន៍នៃប្រទេសទាំងពីរ ជាពិសេសការត្រៀមរៀបចំវេទិកាពាណិជ្ជកម្មនិងវិនិយោគរួមលើកទី៣ នាពេលខាងមុខ៕