ភ្នំពេញ៖ រយៈពេល៩ខែ ឆ្នាំ២០២៥ ពោលគិតចាប់ពីខែមករា ដល់ខែកញ្ញា ស្ថានភាពវិស័យដឹកជញ្ជូនតាមផ្លូវអាកាស សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់ប្រទេសកម្ពុជា (ភ្នំពេញ/តេជោ - សៀមរាបអង្គរ - ព្រះសីហនុ/ PNH/KTI-SAI-KOS) ទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) ចំនួន ៤៧,៦៣៧ ជើង មានការកើនឡើង ១២% បើធៀបទៅនឹងរយៈពេល៩ខែដូចគ្នាទៅនឹងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍។
បើតាមរបាយការណ៍ រយៈពេល៩ខែនេះ អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៥ លាននាក់ (៥,១០៩,៣២៥ នាក់) មានការកើនឡើង ១៤% បើធៀបទៅនឹងរយៈពេល ០៩ ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤ ខណៈទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៦ ម៉ឺនតោន (៦៤,៥១៣ តោន) មានការកើនឡើង ១៤% បើធៀបទៅនឹងរយៈពេល ០៩ ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។
ក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការហោះហើរចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជាមានចំនួន ២៨ ក្រុមហ៊ុន ក្នុងនោះ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមានចំនួន ៤ និងក្រុមហ៊ុនអាកាសចរណ៍ក្រៅស្រុកមានចំនួន ២៤ ៕