681 ezgif.com resize
Swift cc time

ប្រព័ន្ធ«ផ្លូវទឹកដឹកជញ្ជូន»នឹងសាងសង់តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ទៅទន្លេបាសាក់ និងព្រែកជីកហ្វូណនតេជោ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ)

ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) គ្រោងសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មីប្រវែង១០គីឡូម៉ែត្រ ដែលគ្រោងចំណាយទុនវិនិយោគសរុបចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់ធ្វើការតភ្ជាប់ពីបឹងជើងលោងក្បែរ ដែលនៅប៉ែកខាងត្បូងនៃ TIA ទៅភ្ជាប់នឹងទន្លេបាសាក់ និងព្រែកជីកហ្វូណនតេជោ រហូតដល់ក្រុងកែប។ នេះបើតាមប្រសាសន៍លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។

លោកអ្នកឧកញ៉ា ពុង ឃាវសែ បានមានប្រសាសន៍ថា TIA មានផែនការសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មីប្រវែង ១០គីឡូម៉ែត្រ ដែលគ្រោងចំណាយទុនវិនិយោគសរុបចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់ធ្វើការតភ្ជាប់ពីបឹងជើងលោងក្បែរ ដែលនៅប៉ែកខាងត្បូងនៃ TIA ទៅភ្ជាប់នឹងទន្លេបាសាក់ និងព្រែកជីកហ្វូណនតេជោ រហូតដល់ក្រុងកែប ដែលជាច្រកសមុទ្ររបស់ប្រទេសកម្ពុជាយើង ដើម្បីឲ្យតំបន់ TIA ក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

ជាមួយគ្នានេះ លោកអ្នកឧកញ៉ា ពុង ឃាវសែ ក៏បានបញ្ជាក់ថា បច្ចុប្បន្នTIAកំពុងសាងសង់ស្ថានីយ៍ឃ្លាំងទំនិញ (Cargo Terminal) ទី2 និងចំណតយន្តហោះ Cargo បន្ថែម ដោយចំណាយទុនវិនិយោគចំនួន 50លានដុល្លារអាម៉េរិក ដែលមានទំហំឃ្លាំងសរុប ៤,០០០ ម៉ែត្រការ៉េ។ ការវិនិយោគបន្ថែមនេះ គឺយោងទៅតាមកំណើនទំនិញ Cargo និងដើម្បីត្រៀមឲ្យ TIA ជាមជ្ឈមណ្ឌលដឹកជញ្ជូន (Logistic Hub) និងការផ្ទេរមធ្យោបាយដឹកជញ្ជូន (Transhipment)។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមសាងសង់នៅ ឆ្នាំ២០២០ មានផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប អាចឲ្យប្រភេទយន្តហោះធុនធំចុះចតបាន៕


Khcct banner

អត្ថបទទាក់ទង