ក្រសួងការបរទេសអាម៉េរិក បានប្រកាសបន្តដើរតួនាទីក្នុងការសម្របសម្រួលកិច្ចសន្ទនារវាងកម្ពុជា-ថៃ ដើម្បីជំរុញសន្តិភាពឲ្យស្ថិតស្ថេរ។ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងនេះ អាម៉េរិកទន្ទឹងរង់ចាំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅប្រកបដោយការស្ថាបនារវាងកម្ពុជា-ថៃ ដែលគ្រោងធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាពេលខាងមុខនេះ។
ជាមួយគ្នានេះ អាម៉េរិកបានសម្តែងការពេញចិត្ត ចំពោះម៉ាឡេស៊ីដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំចតុភាគីរវាងកម្ពុជា-ថៃ និងមានអាម៉េរិកជាភាគីសម្របសម្រួល កាលពីថ្ងៃទី១៧ ខែតុលាកន្លងទៅ។ កិច្ចប្រជុំចតុភាគីនេះ ភាគីកម្ពុជា-ថៃ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការចាត់វិធានការកសាងទំនុកចិត្ត ដើម្បីកាត់បន្ថយភាពតានតឹងនៅតាមព្រំដែនរួមគ្នារបស់កម្ពុជា-ថៃ។
ក្រសួងការបរទេសអាម៉េរិក បញ្ជាក់ថា នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការស្ដារទំនុកចិត្តរវាងអ្នកជិតខាង ហើយអាម៉េរិកនឹងបន្តដើរតួនាទីដ៏មានអត្ថន័យក្នុងការសម្របសម្រួលកិច្ចសន្ទនា ខណៈភាគីទាំងពីរធ្វើការជាមួយគ្នា ដើម្បីជំរុញសន្តិភាពដ៏ស្ថិតស្ថេរ៕