ភ្នំពេញ៖ ក្រុមហ៊ុន Turkish Airline នឹងត្រៀមហោះហើរជើងទី១ មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ហើយក្រុមហ៊ុនអាកាសចរណ៍នេះ នឹងពង្រឹងការតភ្ជាប់រវាងរាជធានីភ្នំពេញ និងទីក្រុងធំៗ នៅមជ្ឈិមបូព៌ា អឺរ៉ុប និងអាហ្វ្រិក។ នេះបើតាមការលើកឡើងរបស់លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។
លោកអ្នកឧកញ៉ា ពុង ឃាវ សែ បានមានប្រសាសន៍ថា លោកអ្នកឧកញ៉ាពិតជាមានសេចក្តីសោមនស្សរីករាយ ក្នុងការស្វាគមន៍ក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួន២ គឺ ក្រុមហ៊ុន Etihad Airways ដែលបានហោះហើរជើងទី១ មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ និងក្រុមហ៊ុន Turkish Airline ដែលនឹងត្រៀមហោះហើរជើងទី១ មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។
លោកអ្នកឧកញ៉ា បានបន្តថា ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរនេះ នឹងពង្រឹងការតភ្ជាប់រវាងរាជធានីភ្នំពេញ និងទីក្រុងធំៗ នៅមជ្ឈិមបូព៌ា អឺរ៉ុប និងអាហ្វ្រិក។ លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ហុងកុង Cathay Pacific បានជ្រើសរើស TIA ជាអាកាសយានដ្ឋានជំនួសសម្រាប់ចុះចតយន្តហោះចំនួន១៣គ្រឿង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ អំឡុងពេលមានខ្យល់ព្យុះ Ragasa នេះបានបង្ហាញពីការជឿជាក់ និងទំនុកចិត្តលើ TIA ដែលជាអាកាសយានដ្ឋានខ្នាតអន្តរជាតិ។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមសាងសង់នៅ ឆ្នាំ២០២០ មានផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប អាចឲ្យប្រភេទយន្តហោះធុនធំចុះចតបាន៕