681 ezgif.com resize
Swift cc time

ថ្នាក់ដឹកនាំទីក្រុងអ៊ូស៊ីរបស់ចិនគាំទ្រឱ្យមានជើងហោះហើរត្រង់និងដឹកជញ្ជូនត្រង់ មកខេត្តព្រះសីហនុ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ថ្នាក់ដឹកនាំទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញការឧបត្ថម្ភគាំទ្រឱ្យមានជើងហោះហើរត្រង់ និងការដឹកជញ្ជូនត្រង់រវាងក្រុងអ៊ូស៊ី និងខេត្តព្រះសីហនុ ដែលការណ៍នេះបានចូលរួមចំណែកជំរុញការអភិវឌ្ឍខេត្តព្រះសីហនុទាំងមូល ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ការបញ្ជាក់នេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។

នាឱកាសនេះ លោក ជា វុទ្ធី បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលលោក Du Xiaogang លេខាបក្សទីក្រុងអ៊ូស៊ី បានដឹកនាំគណៈប្រតិភូមកទស្សនកិច្ចកម្ពុជាដោយផ្ទាល់ក្នុងកាលៈទេសៈដ៏សមស្របបំផុត។ លោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈជំនួបពិភាក្សាលើកនេះ ថ្នាក់ដឹកនាំរបស់ទីក្រុងអ៊ូស៊ីនឹងបន្តជំរុញវិនិយោគិនពីទីក្រុងអ៊ូស៊ី ជាពិសេសនាំយកនូវឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើបមកកម្ពុជា។

មួយវិញទៀត អគ្គលេខាធិការរូបនេះក៏បានស្នើឱ្យភាគីចិន ជួយជំរុញឱ្យមានការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងបានស្នើឱ្យមានការគិតគូរវិនិយោគបង្កើតតំបន់កែច្នៃកសិផលនៅកម្ពុជា ដើម្បីនាំទៅទីផ្សារចិន។

ទន្ទឹមនឹងនេះ លោក Du Xiaogang លេខាបក្សទីក្រុងអ៊ូស៊ី បានលើកឡើងថា ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះគឺឆ្លើយតបនឹងស្មារតីនៃកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានប្រព្រឹត្តទៅកាលពីខែកក្កដា ឆ្នាំ២០២៥កន្លងមក និងដើម្បីបន្តកិច្ចការមួយចំនួនដែលបានពិភាក្សាគ្នាក្នុងកិច្ចប្រជុំនាពេលនោះ ជាពិសេស ការត្រៀមរៀបចំកិច្ចប្រជុំលើកទី៥ ដែលគ្រោងធ្វើនៅប្រទេសចិន។

លោក Du Xiaogang ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងរបស់ថ្នាក់ដឹកនាំទីក្រុងអ៊ូស៊ីក្នុងការឧបត្ថម្ភគាំទ្រឱ្យមានជើងហោះហើរត្រង់ និងការដឹកជញ្ជូនត្រង់រវាងក្រុងអ៊ូស៊ី និងខេត្តព្រះសីហនុ ដែលការណ៍នេះបានចូលរួមចំណែកជំរុញការអភិវឌ្ឍខេត្តព្រះសីហនុទាំងមូល ក៏ដូចជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ជាចុងក្រោយ លោកបានបង្ហាញនូវការប្តេជ្ញាក្នុងការបន្តជំរុញធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកាន់តែមានការរីកចម្រើនមួយកម្រិតទៀតតាមរយៈការខិតខំជំរុញឱ្យវិនិយោគិនចិន មកបណ្តាក់ទុនវិនិយោគបន្ថែមទៀត ពិសេស ការវិនិយោគកែច្នៃកសិផលកម្ពុជា ដើម្បីនាំទៅទីផ្សារចិន។ ជាទីបញ្ចប់ឯកឧត្តម Du Xiaogang បានលើកឡើងនូវសំណូមពរមួយចំនួនសំដៅបន្តជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុឱ្យកាន់តែរីកចម្រើន និងមានភាពទាក់ទាញបន្ថែមទៀត។

គួរបញ្ជាក់ថា ជំនួបនាឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីលោក Sun Wei អភិបាលរងទីក្រុងអ៊ូស៊ី និងលោក Chen Jiangang ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏ដូចជាថ្នាក់ដឹកនាំជាច្រើនរូបទៀត៕


Khcct banner

អត្ថបទទាក់ទង