ភ្នំពេញ៖ ក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្ពុជា-អាស៊ាន សម្រេចបានក្នុងទឹកប្រាក់ប្រមាណ ១,៣ ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង ៧ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មដែលផ្តល់មកកាន់ស៊ីស៊ីថាមស៍ដោយលោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
បើតាមរបាយការណ៍ ក្នុងខែកញ្ញា ឆ្នាំ២០២៥ កម្ពុជាសម្រេចការនាំចេញទៅទីផ្សារអាស៊ានក្នុងទឹកប្រាក់ប្រមាណ ៤៩០ លានដុល្លារ កើនឡើង ២៩.៧៧ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ខណៈការនាំចូលមកវិញក្នុងទឹកប្រាក់ប្រមាណ ៨២៥ លានដុល្លារ ធ្លាក់ចុះ ២.៩៦ ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
បណ្តាប្រទេសជាសមាជិកអាស៊ានដែលមានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេមានដូចជា៖ វៀតណាម ៤៦៨.៨៤ លានដុល្លារ, សិង្ហបុរី ៣៦១.៣៥ លានដុល្លារ, ថៃ ២៤៩.២២ លានដុល្លារ, ម៉ាឡេស៊ី ១១៧.៣៧ លានដុល្លារ, ឥណ្ឌូនេស៊ី ៩១.៤៣ លានដុល្លារ, បន្ទាប់មកមាន ឡាវ ហ្វីលីពីន មីយ៉ាន់ម៉ា និងព្រុយណេ។
មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញមានដូចជា សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ ផលិតផលកសិកម្ម (ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមី និងកៅស៊ូ) គ្រឿងសង្ហារឹម សំបកកង់រថយន្ត បន្ទះសូឡា កង់ សម្ភារៈអគ្គិសនី គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំយានយន្ត និងផលិតផលជលផលជាដើម៕