681 ezgif.com resize
Swift cc time

ជនជាតិកូរ៉េដែលពាក់ព័ន្ធនឹងករណី Online Scams ជាង ៦០នាក់ កំពុងរង់ចាំការបញ្ជូនត្រឡប់ទៅវិញ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កន្លងមក កម្ពុជាបានចាប់ខ្លួន និងបញ្ជូនជនជាតិកូរ៉េចំនួន១៨០នាក់ ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រឡប់សាធារណរដ្ឋកូរ៉េ វិញ។ បច្ចុប្បន្ននេះ ជនជាតិកូរ៉េជាង ៦០នាក់ ដែលត្រូវបានសមត្ថកិច្ចកម្ពុជារកឃើញជាប់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កំពុងរង់ចាំការបញ្ជូនត្រឡប់ទៅសាធារណរដ្ឋកូរ៉េ វិញ ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាម សេចក្តីជូនដំណឹងនៃ ការជួបសម្តែងការគួរសម និងការពិភាក្សាការងារ នៅថ្ងៃទី ១៦ តុលា ២០២៥ រវាង ក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ និង គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។

លោកស្រី គីម ជីណា (Kim Jina) អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ។ 

នៅក្នុងឱកាសនេះ លោក ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនអំពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ ប្រយុទ្ធប្រឆាំង និងបោសសម្អាតទីតាំងពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាមួយនឹងលទ្ធផលជាក់ស្តែងដែលទទួលបានជាបន្តបន្ទាប់។ បន្ថែមពីនេះ លោកបានគូសបញ្ជាក់ថា បញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាបញ្ហាសកល និងស្មុគស្មាញ ដែលតម្រូវឱ្យប្រទេសនីមួយៗមានភាពជឿជាក់ សហការគ្នាក្នុងការចូលរួមប្រយុទ្ធប្រឆាំង ក៏ដូចជាផ្សព្វផ្សាយអប់រំពលរដ្ឋឱ្យបានយល់ពីហានិភ័យ ទម្រង់នៃការឆបោក និងឧបាយកលរបស់ក្រុមឧក្រិដ្ឋជន ក្នុងការអូសទាញពលរដ្ឋឱ្យធ្លាក់ចូលកលល្បិចរបស់ឧក្រិដ្ឋជន។ ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូ មានសារៈសំខាន់ក្នុងការធានាដល់ការលុបបំបាត់មិនឱ្យក្រុមឧក្រិដ្ឋជនកកើតឡើងវិញ ឬផ្លាស់ទីពីមួយកន្លែងទៅមួយកន្លែងទៀតបាន។

លោកស្រី គីម ជីណា (Kim Jina) អនុរដ្ឋមន្ត្រីទី២ បានសម្តែងចំណាប់អារម្មណ៍ចំពោះការរីកចម្រើននៃ ទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ក្នុងរយៈពេល ២៨ឆ្នាំ ក្រោយការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ដោយទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានដំឡើងកម្រិតដល់ភាពជា «ដៃគូយុទ្ធសាស្ត្រ» កាលពីឆ្នាំ២០២៤ កន្លងទៅ។ លោកស្រី បានសង្កត់ធ្ងន់ថា កន្លងមក សមត្ថកិច្ចកម្ពុជាបានសហការល្អជាមួយសមត្ថកិច្ចកូរ៉េ ប៉ុន្តែសារព័ត៌មានពុំបានផ្សព្វផ្សាយទេ។ លោកស្រី បានថ្លែងអំណរគុណចំពោះកិច្ចសហការល្អ ដែលអាជ្ញាធរកម្ពុជាតែងផ្តល់ជូនអាជ្ញាធរកូរ៉េនាពេលកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេស ការសម្របសម្រួលជូនគណៈប្រតិភូរបស់លោកជំទាវ ចុះពិនិត្យមើលទីតាំងមួយចំនួន និងការត្រៀមបញ្ជូនពលរដ្ឋកូរ៉េត្រលប់ទៅប្រទេសកំណើតវិញ ដែលតាមរយៈនេះបង្ហាញថា កម្ពុជាបានផ្តល់កិច្ចសហការយ៉ាងល្អ និងគ្រប់គ្រងទីតាំងបានប្រសើរ។

គួរបញ្ជាក់ថា ភាគីទាំងពីរ ក៏បានពិភាក្សាលើទិសដៅបន្តសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមមានការផ្លាស់ប្តូរព័ត៌មាន ការទប់ស្កាត់មុខសញ្ញា ការសម្របសម្រួលទទួលពលរដ្ឋកូរ៉េត្រលប់ទៅវិញ និងកិច្ចសហការជាក់ស្តែងផ្សេងៗទៀត។ នៅថ្ងៃដដែលនេះដែរ ក្រុមគណៈប្រតិភូកូរ៉េបានចុះពិនិត្យដល់ទីតាំងពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកអនឡាញ នៅភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ក្រោមការសម្របសម្រួលដោយក្រុមការងាររបស់លេខាធិការដ្ឋានគ.ប.ឆ.ប.៕

Khcct banner

អត្ថបទទាក់ទង