681 ezgif.com resize
Swift cc time

កងយោធពលខេមរភូមិន្ទ បញ្ជាក់ការផ្សាយថាថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដាខេត្តពោធិ៍សាត់ មិនមែនជាការពិត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី១៧ តុលានេះ បានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មាននិងបណ្តាញសង្គមមួយចំនួនដែលផ្សាយថា ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនមែនជាការពិត។ សកម្មភាពនៃការឈូសឆាយនេះ គឺនៅក្នុងផ្នែកនៃដីថៃប៉ុណ្ណោះ។

ការប្រកាសនេះ បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គមថា ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនមែនជាការពិតទេ។ សកម្មភាពនៃការឈូស ឆាយនេះគឺនៅក្នុងផ្នែកនៃដីថៃ។ កងកម្លាំងកម្ពុជាដែលកំពុងឈរជើងនៅតំបន់នេះ ការពារ យ៉ាងម៉ឺងម៉ាត់នូវបូរណភាពទឹកដីកម្ពុជា។

បើតាមយោធភូមិភាគទី៥ ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគឺជា សមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ហើយការអះអាងអំពីសមត្ថកិច្ចនេះ ក៏បានបញ្ជាក់បន្ថែមផងដែរនៅក្នុងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំ ពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។

បើតាមប្រភពដដែល បានបញ្ជាក់បន្ថែមថា កម្ពុជា និងថៃ មានមូលដ្ឋានគ្រប់គ្រាន់និងច្បាស់លាស់ ទាំងមូលដ្ឋានច្បាប់ យន្តការស្ថាប័ន និងវិធានការបច្ចេកទេស សម្រាប់ដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេសផែនទីមាត្រដ្ឋាន ១/២០០.០០០ យោងតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ព្រមទាំងមានការបោះបង្គោល ជាមួយគ្នាចំនួន ៧៤ បង្គោល ហើយភាគីទាំងពីរកម្ពុជា-ថៃ បានទទួលស្គាល់ និងបញ្ជាក់ឡើងវិញនៅក្នុងអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០០ (MoU2000)។

យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បញ្ជាក់សាជាថ្មីពីជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឱ្យបានជាដាច់ខាត និងសូមប្រកាសគាំទ្រការដោះស្រាយបញ្ហាព្រំដែនតាមមធ្យោបាយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ៕

Khcct banner

អត្ថបទទាក់ទង