ភ្នំពេញ៖ ក្នុងរយៈពេល៣ខែនៃចន្លោះសម័យប្រជុំព្រឹទ្ធសភា សម្តេច ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទី និងក្នុងនាមជាប្រធានព្រឹទ្ធសភា បានទទួលជួបសវនាការ និងពិភាក្សា ការងារជាមួយភ្ញៀវអន្តរជាតិ ឯកអគ្គរាជ/រដ្ឋទូត និងស្ថាប័ននានា ចំនួន២៤លើក និងបានប្រាប់ពីជំហរកម្ពុជាក្នុងការដោះស្រាយព្រំដែនដោយសន្តិភាព អនុលោមតាមច្បាប់អន្តរជាតិ និងបានស្នើឱ្យភាគីមិត្ត ជួយអន្តរាគមន៍ទប់ស្កាត់ការពង្រីកជម្លោះ និងអនុវត្តនូវបទឈប់បាញ់។
ព្រមជាមួយគ្នានេះ នៅចំពោះមុខភាពគឃ្លីននៃការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា សម្តេច ហ៊ុន សែន បានបង្ហាញឫសគល់ និងស្ថានភាពពិតនៃជម្លោះព្រំដែន ការព្យាយាម អត់ធ្មត់ និងការប្រកាន់គោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ និងបានស្នើឱ្យភាគីមិត្ត ជួយអន្តរាគមន៍ទប់ស្កាត់ការពង្រីកជម្លោះ និងគោរព និងអនុវត្តនូវបទឈប់បាញ់ដែលបានឯកភាពព្រមព្រៀងគ្នា ដើម្បីអាចវិលទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញ។
ក្នុងមុខងារកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា សកម្មភាពការទូតសភាត្រូវបានបន្តពង្រីកកាន់តែសកម្មឡើង ដើម្បីរួមចំណែកដល់រាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំពង្រឹងការងារការទូត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែងរបស់កម្ពុជា ក្នុងពេលដែលសភាពការណ៍តំបន់ និងពិភពលោក កំពុងមានភាពច្របូកច្របល់ខ្លាំង និងហានិភ័យខ្ពស់ ដែលកើតចេញពីការបន្តប្រកួតប្រជែង យុទ្ធសាស្ត្រ-ភូមិសាស្ត្ររបស់ប្រទេសមហាអំណាច ភាពតានតឹងនៃជម្លោះ ការរីកសាយនៃសង្គ្រាម ក្នុងតំបន់មួយចំនួននៅលើពិភពលោក និងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបង្កដោយភាគីថៃ៕