ភ្នំពេញ៖ គណៈប្រតិភូនៃក្រុមហ៊ុន Shenzhen Jintong បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងសុខាភិបាល ដើម្បីសិក្សាស្វែងយល់អំពីបរិបទ និងឱកាសវិនិយោគក្នុងវិស័យឱសថ និងសុខាភិបាលនៅកម្ពុជា។ កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងរវាងលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយលោក យ៉ង លីវ ប្រធានក្រុមហ៊ុន Shenzhen Jintong និងសាស្ត្រាចារ្យ ហ្សាង សូជី ប្រធានផ្នែកវិទ្យាសាស្ត្រ និងស្រាវជ្រាវវេជ្ជសាស្ត្រ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។
លោក សេង ញ៉ក់ សមាជិកសភា និងជាតំណាងអ្នកវិនិយោគ ដែលបានដឹកនាំគណៈប្រតិភូវិនិយោគមកពីសាធារណរដ្ឋប្រជាមានិតចិនចូលរួមក្នុងកិច្ចពិភាក្សានេះ បានលើកឡើងថា គណៈប្រតិភូនាពេលនេះ ត្រូវបាននាំមកក្នុងគោលបំណងសិក្សាស្វែងយល់អំពីបរិបទ និងឱកាសវិនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា ជាផ្នែកមួយនៃការចូលរួមសហការរវាងរដ្ឋាភិបាលទាំងពីរ និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិ។
ជាការឆ្លើយតប លោកសាស្រ្តាចារ្យ ឈាង រ៉ា បានលើកឡើងថា ក្រសួងសុខាភិបាល ស្វាគមន៍ និងគាំទ្រជានិច្ចដល់កិច្ចសហប្រតិបត្តិការនានា និងការវិនិយោគក្នុងវិស័យសុខាភិបាល ដែលអនុវត្តដោយគោរពតាមនីតិវិធីច្បាប់ និងស្តង់ដារជាតិ និងអន្តរជាតិ ដើម្បីធានាបាននូវគុណភាពសេវាសុខាភិបាល និងសុវត្ថិភាពប្រជាពលរដ្ឋជាចម្បង៕