681 ezgif.com resize
Swift cc time

ទីក្រុងកែប ជាប់ជ័យលាភីថ្មីមួយទៀតជា«ទីក្រុងទេសចរណ៍គ្មានផ្សែងបារី»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ខេត្តកែប៖ ទីក្រុងកែប ខេត្តកែប សម្រេចបានជោគជ័យថ្មីមួយទៀតនៅក្នុងវិស័យទេសចរណ៍ ដោយបានប្រែក្លាយជាជ័យលាភី«ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» ដែលមានការទទួលស្គាល់ជាផ្លូវការពីក្រសួងទេសចរណ៍ ចំពោះបណ្តាក្រុង/ស្រុក/ខណ្ឌណា ដែលបានអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍បានល្អប្រសើរ ហើយជ័យលាភីនេះក៏មានការទទួលស្គាល់ដោយបណ្តាញទីក្រុងគ្មានផ្សែងបារីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក, សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ និងអង្គការសុខភាពពិភពលោកផងដែរ។ នេះបើតាមក្រសួងទេសចរណ៍។

នាឱកាសនេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ខេត្តកែបមានការរីកចម្រើន និងផ្លាស់ប្តូរមុខមាត់ជាបន្តបន្ទាប់ ក្នុងនោះការកែលម្អរចនាសម្ព័ន្ធរូបវ័ន្តស្រស់ស្អាត ជាពិសេសវិថីតេជោសន្តិភាពឆ្នេរអង្កោល ដោយមានការបំពាក់ភ្លើង និងការអភិវឌ្ឍកែលម្អឆ្នេរអង្កោលដ៏ស្រស់ស្អាត គួរជាទីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍រូបនេះបានបញ្ជាក់បន្ថែមថា ខេត្តកែប ជាខេត្តដែលមានសក្តានុពលសម្បូរបែប មានឆ្នេរសមុទ្រ និងកោះស្រស់ស្អាត, កសិទេសចរណ៍, ទេសចរណ៍ធម្មជាតិ, និងម្ហូបអាហារ គ្រឿងសមុទ្រស្រស់ៗ ដោយការអភិវឌ្ឍទេសចរណ៍ក្នុងខេត្ត បានបែងចែកជាប៉ូលទេសចរណ៍ ចំនួន ៤គឺ ប៉ូលទេសចរណ៍តំបន់ទីក្រុងធម្មជាតិកែបចាស់, ប៉ូលទេសចរណ៍តំបន់បៃតងអង្កោល, ប៉ូលទេសចរណ៍ធម្មជាតិតំបន់ភ្នំវល្លិ៍, ប៉ូលទេសចរណ៍តំបន់សមុទ្រ និងប្រជុំកោះ។

គួរបញ្ជាក់ថា ពិធីប្រកាសជាផ្លូវការ«ក្រុងកែបជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី» ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងលោកស្រី ម៉ារីយ៉ាណា ទ្រីយ៉ាស ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធសរុបប្រមាណ ២០០នាក់៕


Khcct banner

អត្ថបទទាក់ទង