ភ្នំពេញ៖ លោកស្រី Ayako Inagaki នាយិកាជាន់ខ្ពស់ នៃការិយាល័យអភិវឌ្ឍន៍មនុស្ស និងសង្គមនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី ១៤ តុលានេះ បានប្រកាសនឹងបន្តបើកទូលាយទទួលនូវរាល់សំណូមពរ និងប្តេជ្ញានឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចឱ្យបាននូវការធ្វើពិពិធកម្មពីសេដ្ឋកិច្ចទីផ្សារអតិពលកម្ម ទៅជាសេដ្ឋកិច្ចទីផ្សារដែលផ្អែកលើជំនាញបច្ចេកទេស និងបច្ចេកវិទ្យា។
ការអះអាងរបស់លោកស្រី ធ្វើឡើងក្នុងពេលជួបពិភាក្សាការងារជាមួយលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។លោក ហេង សួរ បានគូសបញ្ជាក់ពីភាពចាំបាច់នៃកិច្ចសហការដ៏ស្អិតរមួតរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងការចូលរួមដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេស ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនកម្ពុជា។
បើតាមប្រមុខក្រសួងការងាររូបនេះ បានលើកពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេសដែលបាននិងកំពុងផ្តល់ជំនាញដល់ពលរដ្ឋកម្ពុជា ក៏ដូចជាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និង ជាពិសេសបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីថៃឱ្យមានជំនាញបច្ចេកទេស ដែលស្របទៅតាមបរិបទទីផ្សារការងារនាពេលបច្ចុប្បន្ន និងពេលអនាគត ដែលបាននិងកំពុងរក្សាលំនឹងជីវភាពគ្រួសារ និងការកែប្រែជីវភាពឱ្យកាន់តែរីកចម្រើនបន្ថែមទៀតតាមរយៈឱកាសការងារសមរម្យ។
លោកស្រី Ayako Inagaki បានកោតសរសើរអំពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាដោយសន្យាថា នឹងបន្តបើកទូលាយទទួលនូវរាល់សំណូមពរ និងប្តេជ្ញានឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចឱ្យបាននូវការធ្វើពិពិធកម្មពីសេដ្ឋកិច្ចទីផ្សារអតិពលកម្ម ទៅជាសេដ្ឋកិច្ចទីផ្សារដែលផ្អែកលើជំនាញបច្ចេកទេស និងបច្ចេកវិទ្យា៕