ខេត្តហឺណាន៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមសន្និសីទអាស៊ាន-ចិន (ហឺណាន) ឆ្នាំ២០២៥ ស្ដីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ ស្បៀងនិងកសិកម្ម នៅទីក្រុង Zhengzhou ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១២-១៤ ខែតុលា ឆ្នាំ២០២៥។ សន្និសីទនេះ ត្រូវបានធ្វឡើងក្នុងគោលបំណងជំរុញការអនុវត្តសេចក្ដីសម្រេចរបស់ថ្នាក់ដឹកនាំ កំពូលអាស៊ាន និងចិន ក្នុងន័យពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍស្បៀងនិងកសិកម្មតាមបែប ឌីជីថល រវាងអាស៊ាន និងចិន។
លោក ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមថ្លែងសុន្ទរកថា ដោយបានរំលេចអំពីក្របខ័ណ្ឌ សហប្រតិបត្តិការរវាងអាស៊ាន និងចិន ដែលផ្ដល់ជាផែនទីបង្ហាញផ្លូវសម្រាប់កសាងមូលដ្ឋាននៃចក្ខុវិស័យរួម ដើម្បី អភិវឌ្ឍន៍កសិកម្មប្រកបដោយបរិវត្តកម្មឌីជីថល និងភាពឆ្លាតវៃ និងក្របខ័ណ្ឌដៃគូរវាងកម្ពុជា និងចិន ដែលផ្អែកលើការ ប្ដេជ្ញារបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ក្នុងការបើកផ្លូវឲ្យវិនិយោគិន ពាណិជ្ជករ និងសហគ្រិនចិន ជាពិសេស ពីខេត្តហឺណាន ធ្វើកិច្ចសហការ និងវិនិយោគនៅកម្ពុជាលើកសិកម្មឆ្លាតវៃ, ការកែច្នៃកសិផល កសិពាណិជ្ជកម្ម និងការនាំចូលកសិផល។
អនុរដ្ឋលេខាធិការរូបនេះ ក៏បានជួបពិភាក្សាទ្វេភាគីជាមួយលោកស្រី Zhang Min សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការបក្សកុម្មុយនីសចិន និងជាអភិបាលរងខេត្ត ហឺណាន តាមការអញ្ជើញ ដោយ បានជម្រាបជូនលោកស្រីអំពីសក្ដានុពលនៃវិស័យកសិកម្មកម្ពុជា និងឱកាសវិនិយោគលើវិស័យនេះ សម្រាប់ខេត្ត ហឺណានក្នុងការនាំយកបច្ចេកវិទ្យា វិនិយោគិន និងពាណិជ្ជករ ដើម្បីពង្រីកកិច្ចសហការលើការជួយអភិវឌ្ឃន៍ និង វិនិយោគលើវិស័យកសិកម្ម សំដៅពង្រីកទីផ្សារនាំចូលកសិផលពីប្រទេសកម្ពុជាឱ្យកាន់តែច្រើនថែម ទៀត។
លោកបានបន្តជំនួបពិភាក្សាទ្វេភាគីជាមួយលោក Shi Zhongjun អគ្គលេខាធិការ នៃមជ្ឈមណ្ឌលអាស៊ាន-ចិន លើការពង្រីកកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន ជាពិសេសពង្រីកកិច្ចសហការ រវាងកម្ពុជា និងចិន តាមរយៈមជ្ឈមណ្ឌលអាស៊ាន-ចិន ដែលក្នុងនោះ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានជម្រាបជូនថា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងរៀបចំ គម្រោងសំណើ ដែលនឹងដាក់ជូនមជ្ឈមណ្ឌលអាស៊ាន-ចិន នាពេលខាងមុខ ដោយបានស្នើ ឯកឧត្ដមអគ្គលេខាធិការ ជួយសម្របសម្រួលឲ្យគម្រោងសំណើទាំងនោះ ត្រូវបានអនុវត្តជាក់ស្ដែងនៅកម្ពុជា។ នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕