681 ezgif.com resize
Swift cc time

សមាជិកសមាគមឧកញ៉ាកម្ពុជាពិភាក្សាការងារជាមួយទីប្រឹក្សាផ្នែកពាណិជ្ជកម្ម នៃស្ថានទូតអូទ្រីស

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាតំណាង លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមជាមួយអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ ក៏ដូចជាអ្នកឧកញ៉ា ហាន់ ឃាង និងអ្នកឧកញ៉ា គួន ធីតា បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយលោក Michael Friedl ទីប្រឹក្សាផ្នែកពាណិជ្ជកម្ម នៃស្ថានទូតអូទ្រីស និងជាតំណាងទីភ្នាក់ងារ Advantage Austria ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការសមាគមឧកញ៉ាកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសនេះ អ្នកឧកញ៉ា សៀ ឬទ្ធី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក Michael Friedl និងក្រុមការងារ និងបានជម្រាបជូនអំពីសាវតា តួនាទីភារកិច្ចស្នូល និងសកម្មភាពសំខាន់ៗរបស់សមាគមដែលជាស្ថាប័នតែមួយគត់ តំណាងឱ្យគោរមវន្តឧកញ៉ាទាំងអស់នៅកម្ពុជា និងជាបណ្ដុំធុរជននិងវិនិយោគិនមកពីចម្រុះវិស័យ។ អ្នកឧកញ៉ា ក៏បានចែករំលែកអំពីកត្តាទាក់ទាញចម្បងៗ និងសក្ដានុពលវិនិយោគនៅកម្ពុជា និងលើកទឹកចិត្តឱ្យក្រុមហ៊ុនអូទ្រីសមកសិក្សាស្វែងយល់ និងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងរីករាយក្នុងការផ្ដល់ការគាំទ្រដល់កិច្ចសហការនានារវាងស្ថាប័នទាំងពីរផងដែរ។

លោក Michael Friedl បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា ដែលបានរៀបចំឱ្យមានកិច្ចប្រជុំមួយនេះឡើង តាមសំណើរបស់លោក និងបានជម្រាបជូនថា ក្រៅពីគោលបំណងនៃជំនួបខាងលើ លោកក៏នឹងរៀបចំបេសកកម្មធុរកិច្ចមកទស្សនកិច្ចនៅកម្ពុជាក្នុងអំឡុងខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ ដែលនឹងមានការចូលរួមពីក្រុមហ៊ុនអូទ្រីសមកពីវិស័យអាទិភាព ដូចជា កសិកម្ម គ្រឿងម៉ាស៊ីនឧស្សាហកម្មនិងវិស្វកម្ម កម្មន្តសាល ប្រព័ន្ធអគ្គីភ័យនិងសុវត្ថិភាព ការប្រឹក្សាយោបល់និងការគ្រប់គ្រងគុណភាព ពាណិជ្ជកម្មអន្តរជាតិនិងការអភិវឌ្ឍ ហិរញ្ញវត្ថុនិងធនាគារ ។ល។ ដើម្បីសិក្សាទីផ្សារ និងស្វែងរកឱកាសវិនិយោគនៅកម្ពុជានាពេលខាងមុខ។

គួរបញ្ជាក់ថា Advantage Austria គឺជាទីភ្នាក់ងារផ្លូវការជំរុញអន្តរជាតូបនីយកម្ម និងពាណិជ្ជកម្ម នៃសភាសេដ្ឋកិច្ចសហព័ន្ធអូទ្រីស ដែលជួយបណ្ដាក្រុមហ៊ុនអូទ្រីសក្នុងការបង្កើតភាពជាដៃគូធុរកិច្ចនៅក្រៅប្រទេស និងជួយដល់ក្រុមហ៊ុនក្នុងស្រុកទទួលបានជំនាញ បច្ចេកវិទ្យា និងការវិនិយោគរបស់អូទ្រីស៕


Khcct banner

អត្ថបទទាក់ទង