681 ezgif.com resize
Swift cc time

ម៉ាឡេស៊ី ប្ដេជ្ញាបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ នៃប្រទេសម៉ាឡេស៊ី បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងម៉ាឡេស៊ី និងកម្ពុជា ដោយបានគូសបញ្ជាក់ការបន្តគាំទ្ររបស់ម៉ាឡេស៊ីក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន រួមមាន៖ វិស័យពាណិជ្ជកម្ម, សេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។

នាឱកាសនេះ លោក Dato’ Sri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ នៃប្រទេសម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចម្រើន នៅកម្ពុជា រួមទាំង អាកាសយានដ្ឋានអន្តរជាតិតេជោ។ លោកបានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងម៉ាឡេស៊ី និងកម្ពុជា និងបានគូសបញ្ជាក់ការបន្តគាំទ្ររបស់ម៉ាឡេស៊ីក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន រួមមាន៖ វិស័យពាណិជ្ជកម្ម, សេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។

ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត បានសម្ដែងនូវការស្វាគមន៍ចំពោះលោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។ សម្ដេចបានសម្តែងការពេញចិត្តចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ី។

សម្តេច ហ៊ុន ម៉ាណែត និងលោកឧបនាយករដ្ឋមន្ត្រីរូបនេះ ក៏បានពិភាក្សាក្នុងការជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសំខាន់ៗ មានជាអាទិ៍៖ ឧស្សាហកម្មហាឡាល់ ដើម្បីបម្រើដល់តម្រូវការនៃប្រជាជនមូស្លីម និងប្រជាជនទូទៅ; វិស័យទេសចរណ៍ រួមទាំង ទេសចរណ៍វេជ្ជសាស្ត្រ; ការអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET), កសិកម្ម, ហិរញ្ញវត្ថុ និងធនាគារ ជាដើម។

ជាចុងក្រោយ សម្តេច ហ៊ុន ម៉ាណែត បានលើកទឹកចិត្តស្ថានទូតម៉ាឡេស៊ី នៅភ្នំពេញ បន្តសហការជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីសម្រេចគម្រោងកិច្ចសហប្រតិបត្តិការខាងលើ៕


Khcct banner

អត្ថបទទាក់ទង