ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងចាប់ផ្តើមសម័យប្រឡងថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។ ប៉ុន្តែការប្រឡងឆ្នាំនេះ គេសង្កេតឃើញនៅតាមសាលារៀនគួរ និង កន្លែងលក់វិញ្ញាសាដែលធ្លាប់ជាមមាញឹកហាក់មានសភាពស្ងប់ស្ងាត់ បើធៀបជាមួយឆ្នាំមុនៗ។
អ្នកស្រី សុខ ខេង ជាអាជីវករលក់សៀវភៅកំណែ និងវិញ្ញាសាទូទៅសម្រាប់ត្រៀមប្រឡង ដែលមានទីទាំងហាងនៅក្បែរសាលារៀន ជ័យ ថាវី បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា បន្ទាប់ពីមានការបិទសាលារៀននៅទូទាំងប្រទេសជាច្រើនលើកមក ការប្រកបរបរលក់សៀវភៅកំណែ និងវិញ្ញាសាសម្រាប់ត្រៀមប្រឡងរបស់អ្នកស្រីមានការធ្លាក់ចុះ៨០%បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ ចំពោះការបើកសាលារៀនលើកនេះសង្គេតឃើញថាមានការឡើងបន្តិច ព្រោះអ្នកដែលទិញភាគច្រើនជាសិស្សដែលរស់នៅភ្នពេញ ពោលគឺមិនសូវមានសិស្សនៅតាមបណ្តាខេត្តដូចកាលពីឆ្នាំមុនៗទេ។
បើតាមអ្នកស្រី សុខ ខេង បានបន្តថា គិតត្រឹមពេលដែលសាលា ជ័យ ថាវី នេះ បើកឲ្យសិស្សចូលរៀនឡើងវិញនេះ ការលក់សៀវភៅ និងកម្រងវិញ្ញាសាសម្រាប់ត្រៀមប្រឡងបាក់ឌុបមានការកើនឡើងបន្តិច ខណៈសៀវភៅកំនែ និងវិញ្ញាសាទូទៅមិនសូវមានអ្នកទិញ។ អ្នកស្រីសង្គេតឃើញថា រាល់ឆ្នាំឲ្យតែជិតដល់ប្រឡងបាក់ឌុបតែងតែមានសិស្សជាច្រើនសម្រុកមកទិញសៀវភៅកំនែ និងវិញ្ញាសាទូទៅសម្រាប់ត្រៀមប្រឡង ប៉ុន្តែឆ្នាំនេះស្ងាត់ មិនសូវមានសិស្សមកទិញដូចមុនៗ។
យុវតី រស់ ច័ន្ទណារី ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុន សែនចាក់អង្រែក្រោម បានលើកឡើងថា ការបើកឲ្យដំណើរការសាលារៀនលើកនេះ ច័ន្ទណារីមានអារម្មណ៍សប្បាយព្រោះបានទៅរៀនគួរនៅសាលា ជ័យ ថាវីវិញ។ យុវតីរូបនេះបន្តថា ការបើកសាលាបង្រៀនគួរ ជ័យ ថាវីនេះ ហាក់ដូចជាមិនសូវមានសិស្សច្រើនកុះកុញប៉ុន្មានទេ ព្រោះសង្គេតឃើញមានតែសិស្សដែលរស់នៅទីក្រុងភ្នំពេញដែលមករៀនតែប៉ុណ្ណោះ ដោយហេតុថាសិស្សនៅតាមបណ្តាខេត្តនានា នៅមានអារម្មណ៍ភ័យខ្លាចនឹងការឆ្លងជំងឺកូវីដ១៩ ចំណែកឯសិស្សខ្លះទៀត អាចរៀននៅតាមអនឡាញ។
សម្រាប់ យុវតី ច័ន្ទណារី បាននិយាយថា ដោយសារតែខ្លួនរៀនខ្សោយ និងរៀនតាមអនឡាញមិនសូវយល់ ដូច្នេះហើយក៏សម្រេចចិត្តមករៀនគួរបន្ថែមសម្រាប់ការត្រៀមប្រឡងបាក់ឌុបដែលនឹងខិតជិតមកដល់។
យុវតី ដេត ពិសីសក្កណា ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុន សែនចាក់អង្រែក្រោម បានបានលើកឡើងថា ការបើកសាលាបង្រៀនគួរ ជ័យ ថាវី សាថ្មីនេះ យុវតី សក្កណា សង្គេតឃើញថាមិនសូវមានសិស្សច្រើនមករៀនគួរច្រើនដូចមុនការបិទសាលាមុនមានការឆ្លងកូវីដទេ ដោយសាលាគួរ ជ័យ ថាវី នេះ បើកបង្រៀនតែប្រាំមុខវិជ្ជាគោលមានដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងអក្សរសាស្ត្រខ្មែរ។ ចំណែកថ្នាក់រៀនក៏មិនសូវមានសិស្សពេញៗថ្នាក់ដែរ អាចនិយាយបានថា សិស្សអាចមានកន្លែងចន្លោះទំនេរសម្រាប់អង្គុយរៀនបាន ដែលវាខុសប្លែកពីឆ្នាំមុនៗដែលមានសិស្សច្រើនកុះករមកពីគ្រប់បណ្តាខេត្តមករៀន សឹងថារកកន្លែងអង្គុយមិនសឹងបាន។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា មិនមានយោបល់ច្រើនណាស់នោះទេទេ ដោយលោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា ក្រសួងអប់រំ យុវជន និងកីឡារក្សាលំនៅដើមទាំងបច្ចេកទេស និងនីតិវិធីសម្រាប់ការរៀបចំការប្រឡងបាក់ឌុប ដោយបន្ថែមវិធានការសុវត្ថិភាពសុខភាពសម្រាប់ចូលរួមគ្រប់គ្រង បង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩។
គួរបញ្ជាក់ថា ក្រសួងអប់រំបានកំណត់កាលបរិច្ឆេទសម្រាប់ការប្រឡងសញ្ញាបត្រទុតិយភូមិនឹងប្រព្រឹត្តទៅនៅសម័យប្រឡងថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០នាពេលខាងមុខនេះ ខណៈឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថាបើទោះបីការសិក្សារបស់សិស្សមានការផ្អាកមួយចំនួនតូចក្តី ក៏គុណភាពប្រឡងសម្រាប់ឆ្នាំ២០២០នេះ នៅរក្សាដូចឆ្នាំមុនៗដដែល ដោយសារក្រសួងអនុវត្តន៍គោលការណ៍ធំៗ៤ គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និង លទ្ធផលអាចទទួលយកបានដើម្បីរក្សាគុណភាពប្រឡងជូនដល់សិស្សានុសិស្ស និងបេក្ខជនប្រឡងផ្ទាល់៕