
ទីម័រឡេស្តេ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ទទួលបានគ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste កម្រិតខ្ពស់បំផុត ពីភាគីទីម័រឡេស្តេ។
សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទទួលបានគ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយស កម្រិតខ្ពស់បំផុត ដែលបានផ្តល់ជូនដោយលោក José Ramos-Horta ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅវិមានប្រធានាធិបតី ដែលជាការផ្តល់កិត្តិយសដ៏ធំធេងពីភាគីទីម័រឡេស្តេជូន សម្តេច។
ការបំពាក់គ្រឿងឥស្សរិយយសជូន សម្ដេច ហ៊ុន សែន ពីសំណាក់ ប្រធានាធិបតីម័រឡេស្តេ ដើម្បីបង្ហាញនូវកិច្ចតបស្នងទៅនឹងគុណបំណាច់ និងវិភាគទាន ដ៏ធំធេងរបស់សម្តេច ក្នុងការជួយគាំទ្រដល់ទីម័រឡេស្តេជាង២ទសវត្សរ៍កន្លងមក ជាពិសេសចំពោះការជម្រុញទីម័រឡេស្ដេ ចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។

គួររម្លឹកថា កម្ពុជាបានគាំទ្រទីម័រឡេស្តេជាង២ទសវត្សរ៍មកហើយ ជាពិសេសក្នុងឆ្នាំ២០២២ នៅពេលដែលកម្ពុជាទទួលធ្វើជាម្ខាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន មេដឹកនាំអាស៊ាន បានសម្រេចផ្តល់ឋានៈទីម័រឡេស្តេ ជាប្រទេសសង្កេតការណ៍ និង អនុញ្ញាតឱ្យចូលរួមក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលបង្ហាញពីភាពជាដៃគូ និងការគាំទ្រយ៉ាងពេញទំហឹងរវាងកម្ពុជា និងទីម័រឡេស្តេ។

គួរបញ្ជាក់ថា សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃ ទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញ របស់ប្រធានាធិបតីទីម័រឡេស្តេ ព្រមទាំងទទួលបាន ការស្វាគមន៍បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ដោយប្រធានាធិបតីទីម័រឡេស្តេ បានបើករថយន្តក្បួនជូនសម្តេចដោយផ្ទាល់ ចេញពីអាកាសយានដ្ឋានអន្តរជាតិនីកូឡៅលូបាតូ ឆ្ពោះទៅកាន់សណ្ឋាគារដែលសម្ដេចស្នាក់នៅ៕
