គូឡាឡាំពួរ៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ប្រកាសថាលោកនឹងចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសថៃ និងកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលនឹងធ្វើឡើងក្នុងថ្ងៃទី ២៦-២៨ ខែតុលាឆ្នាំ ២០២៥ខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Mohamad Hasan នាថ្ងៃអង្គារ ទី១៤ ខែតុលានេះ។
លោក Mohamad Hasan បានប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងសន្និសីទកាសែតក្នុងទីក្រុង គូឡាឡាំពួរថា លោក ដូណាល់ត្រាំ«កំពុងទន្ទឹងរង់ចាំធ្វើជាសាក្សីផ្ទាល់ក្នុងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ»។ លោក Mohamad បន្តទៀតថា ប្រទេសម៉ាឡេស៊ី និងសហរដ្ឋអាម៉េរិកនឹងសម្របសម្រួលបទឈប់បាញ់រវាងប្រទេសថៃ និងកម្ពុជា ដែលនឹងតម្រូវឱ្យភាគីទាំងពីរដកមីន និងកាំភ្លើងធំទាំងអស់ចេញពីព្រំដែនរបស់ខ្លួន។
លោកបានមានប្រសាសន៍ថា លោកសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានចុះហត្ថលេខាក្នុងអំឡុងកិច្ចប្រជុំនាពេលខាងមុខរបស់មេដឹកនាំមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលគ្រោងនឹងធ្វើឡើងនៅរដ្ឋធានី គូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែតុលា។ លោកអះអាងទៀតថាក្នុងអំឡុងពេលនៃកិច្ចប្រជុំអាស៊ានខាងមុខនេះ យើងសង្ឃឹមថានឹងមានការចុះហត្ថលេខាលើសេចក្តីប្រកាសមួយដែលជាកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរជិតដើម្បីធានាសន្តិភាពយូរអង្វែង និងបញ្ចប់ជម្លោះជាមួយគ្នា៕