681 ezgif.com resize
Swift cc time

ទីភ្នាក់ងារ JICA និងកម្ពុជា ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ជាពិសេសទីភ្នាក់ងារ JICA បានបញ្ជាក់ពីការបន្តគាំទ្រចំពោះកិច្ចសហប្រតិបត្តិការលើការបោសសម្អាតមីន និងការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ការប្ដេជ្ញានេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក Tanaka Akihiko ប្រធានទីភ្នាក់ងារ JICA នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។

នាឱកាសនេះ លោក Tanaka Akihiko បានគូសបញ្ជាក់អំពីការបន្តគាំទ្ររបស់ទីភ្នាក់ងារ JICA ចំពោះកិច្ចសហប្រតិបត្តិការជាច្រើន មានជាអាទិ៍៖ ការបោសសម្អាតមីន, និងការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ លោកបានវាយតម្លៃខ្ពស់ចំពោះអង្គភាព CMAC របស់កម្ពុជា ដែលបានផ្តល់វគ្គបណ្តុះបណ្តាលបោសសម្អាតមីនមនុស្សធម៌ ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នរបស់ប្រទេសអ៊ុយក្រែន។

ប្រធានទីភ្នាក់ងាររូបនេះ បានបន្ថែមអំពីការផ្តល់ឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធ និងគម្រោងពង្រីកប្រព័ន្ធបញ្ជូន និងចែកចាយអគ្គិសនីក្នុងរាជធានីភ្នំពេញ (ដំណាក់កាលទី៣) ដោយគម្រោងទាំងនេះនឹងត្រូវចុះហត្ថលេខានារសៀលថ្ងៃនេះ។

ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា និងជប៉ុន បានឈានដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជឿជាក់ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន នឹងត្រូវបានជំរុញនិងពង្រឹងឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត។ សម្តេច បានសម្តែងនូវការគាំទ្រ និងថ្លែងអំណរគុណចំពោះទីភ្នាក់ងារ JICA ដែលបានរួមចំណែកគាំទ្រដល់មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ដូចជា ការបោសសម្អាតមីន ការបណ្តុះបណ្តាលធនធានមនុស្ស និង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាដើម។

សម្តេច ហ៊ុន ម៉ាណែត បានចែករំលែកអំពីចក្ខុវិស័យរបស់កម្ពុជា ក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា រួមទាំងការប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់ឧស្សាហកម្ម និងជាមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់ (regional logistic hub)។ សម្តេចបានលើកទឹកចិត្តទីភ្នាក់ងារ JICA បន្តពិភាក្សា និងសហការជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីជំរុញឱ្យគម្រោងទាំងនោះទទួលបានជោគជ័យ៕


Khcct banner

អត្ថបទទាក់ទង