ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំ ជំនួបប្រាស្រ័យមិត្តភាពការពារជាតិ ថ្នាក់រដ្ឋមន្រ្តីការពារជាតិបីប្រទេស មានកម្ពុជា ឡាវ និងវៀតណាម នៅរដ្ឋធានីវៀងច័ន្ទន៍ ប្រទេសឡាវ ចាប់ពីថ្ងៃទី ១៣ តុលា ដល់ថ្ងៃទី ១៦ តុលា ឆ្នាំ២០២៥។នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ។ក្នុងកិច្ចប្រជុំនោះ សមភាគីទាំង៣ ក៏ចូលរួម ពិធីបិទលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ពប្រទេសទាំងបី។
យោងតាមក្រសួងការពារជាតិ ដំណើរទស្សនកិច្ចរបស់ប្រមុខក្រសួងការពារជាតិកម្ពុជានេះ ធ្វើឡើងតាមការអញ្ជើញរបស់ លោក ខាំលៀង ឧថាក់កសន រដ្ឋមន្ត្រីការពារជាតិឡាវ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបីប្រទេស កម្ពុជា-ឡាវ-វៀតណាម។
តាមផែនការរដ្ឋមន្ត្រីប្រទេសទាំង៣នឹងជួបប្រជុំ ដើម្បីបញ្ជាក់ជាថ្មីម្តងទៀត នូវចំណងមិត្តភាព សាមគ្គីភាព ដ៏យូរអង្វែង និងការប្ដេជ្ញាចិត្តរបស់ក្រសួងការពារជាតិកម្ពុជា នៃកងយោធពលខេមរភូមិន្ទ រវាងកងទ័ពប្រជាជនឡាវ និង កងទ័ពប្រជាជនវៀតណាម សំដៅបង្កើននូវទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាមួយគ្នាទៅវិញទៅមក ឱ្យកាន់តែស៊ីជម្រៅរឹងមាំបន្ថែមទៀត ចូលរួមការពារនិងថែរក្សានូវសន្តិសុខ សន្តិភាព ស្ថេរភាព ការអភិវឌ្ឍ ប្រកបដោយចីរភាព និងសាមគ្គីភាព មិត្តភាព សម្រាប់តំបន់ និងសកលលោកទាំងមូល៕