ភ្នំពេញ៖ កម្ពុជា-អាម៉េរិក បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពជាវិជ្ជមាន នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ និងបានពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។ នេះជាលទ្ធផលដ៏ល្អដែលបានលេចចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការចាត់តាំងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ជួបប្រជុំជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក រយៈពេល៤ថ្ងៃនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។
រយៈពេល៤ថ្ងៃនៃកិច្ចប្រជុំទ្វេភាគីរវាងកម្ពុជា-អាម៉េរិក ចាប់កាលពីថ្ងៃទី៦ ដល់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ភាគីទាំងពីរបានវាយតម្លៃខ្ពស់លើវឌ្ឍនភាពជាវិជ្ជមាន នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ និងបានពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាទទួលបានអត្រាពន្ធគយបដិការត្រឹម ១៩% ពោលគឺបានចុះពីអត្រាពន្ធគយបដិការដំបូងដែលមានរហូតដល់ ៤៩%។ លទ្ធផលនៃការកាត់បន្ថយអត្រាពន្ធគយបដិការនេះ សម្រេចបានបន្ទាប់ពីការចរចាយ៉ាងស្វិតស្វាញដែលបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូចំនួន ៧លើក និងជួបផ្ទាល់ចំនួន ៣ជុំ។ រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្តី្រនឹងបន្តធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត៕