ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ នៃសាធារណរដ្ឋតួកគី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គា្ន (MoU) ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់របៀងដឹកជញ្ជូនអន្តរជាតិ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ ធ្វើឡើងនៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ក្នុងគោលបំណងលើកម្ពស់កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងបោះជំហានទៅមុខក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន ការតភ្ជាប់ជាដើម។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងបោះជំហានទៅមុខក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន ការតភ្ជាប់ និងការសម្របសម្រួលនៅតាមច្រករបៀងកណ្តាល និងច្រករបៀង TRACECA ព្រមទាំងប្រែក្លាយប្រទេសទាំងពីរ ទៅជាមជ្ឈមណ្ឌលឡូជីស្ទីកសម្រាប់តំបន់របស់ខ្លួន ដែលកម្ពុជានឹងអាចក្លាយជា Logistics Hub សម្រាប់តំបន់អាស៊ាន ខណៈតួកគីនឹងក្លាយជា Economic Hub សម្រាប់តំបន់អាស៊ីបូព៌ា និងតំបន់អឺរ៉ុប។
នាឱកាសនេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រីឯកអគ្គរដ្ឋទូត និង លោក Abdulkadir Uraloğlu រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ នៃសាធារណរដ្ឋតួកគី ដែលបានផ្តួចផ្តើមគំនិត និងគាំទ្រក្នុងការធ្វើឱ្យពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គា្ន (MoU) នេះអាចធ្វើទៅបានយ៉ាងរលូន។
លោកបន្តថា ច្រករបៀងនេះគឺជាការតភ្ជាប់ដ៏សំខាន់មួយសម្រាប់អាស៊ាន ដែលនឹងផ្តល់ឱកាសសម្រាប់ចរាចរណ៍ និងទំនិញនៅអាស៊ី ដើម្បីទៅដល់មជ្ឈិមបូព៌ា អាហ្វ្រិកខាងជើង និងតំបន់មេឌីទែរ៉ាណេ ដូច្នេះក្នុងនាមជាសមាជិកអាស៊ាន ដែលមានទីតាំងយុទ្ធសាស្ត្រ និងលក្ខខណ្ឌអំណោយផលសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ជាពិសេសតាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម៕