ភ្នំពេញ៖ គម្រោងវិនិយោគចំនួន៧ក្នុងទុនសរុបប្រមាណ១,៣ប៊ីលានដុល្លារ ស្នើសុំចុះបញ្ជីគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រប់វិនិយោគនៅកម្ពុជា។ គម្រោងទាំងនេះ អាចបង្កើតការងារបានប្រមាណ ៨,៣ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន៥គម្រោង និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន២គម្រោង។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) គម្រោងវិនិយោគទាំង៧នេះ មានទុនវិនិយោគសរុបប្រមាណ ១,៣ប៊ីលានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៨,៣ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន៥គម្រោង (ផលិតឧបករណ៍ជាង និងសម្ភារៈបន្ទាប់បន្សំ (ពីលោហធាតុ និងប្លាស្ទិក), ស្ល និងកែច្នៃលោហធាតុ, ផលិតក្រណាត់ និងអំបោះគ្រប់ប្រភេទ, ផលិតសម្ភារៈលម្អក្នុងផ្ទះគ្រប់ប្រភេទ, កាត់ដេរសម្លៀកបំពាក់ កាបូប សម្លៀកបំពាក់សត្វចិញ្ចឹម គ្រឿងតុបតែងលម្អសម្លៀកបំពាក់ និងគ្រឿងអលង្ការកាទ្បៃ និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន២គម្រោងគឺគម្រោងបង្កើតមន្ទីរពេទ្យ និងមន្ទីរពហុព្យាបាលជំងឺចំនួន២២១គ្រែ និងគម្រោងសាងសង់ និងប្រតិបត្តិការព្រែកជីកហ្វូណនតេជោ។
CDC ក៏បានបញ្ជាក់ថា គម្រោងវិនិយោគទាំង៧នេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត និងកែប។
គួរបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ៕