681 ezgif.com resize
Swift cc time

ត្រាំបញ្ជូនទាហាន២០០នាក់ពិនិត្យបទឈប់បាញ់នៅហ្គាហ្សា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានសន្តិភាព ដូណាល់ត្រាំ 

វ៉ាស៊ីនតោន៖ ប្រធានសន្តិភាព ដូណាល់ត្រាំ បានសម្រេចបញ្ជូនទាហានអាម៉េរិកប្រមាណ ២០០នាក់ដើម្បីតាមដានបទឈប់បាញ់រវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សាបន្ទាប់ពីបទឈប់បាញ់បានចូលជាធរមានជាផ្លូវការកាលពីយប់ថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០២៥។ មន្ត្រីសហរដ្ឋអាម៉េរិកបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាម៉េរិកកំពុងបញ្ជូនទាហានប្រហែល ២០០ នាក់ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីជួយគាំទ្រ និងត្រួតពិនិត្យកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលរួមមានប្រទេសជាដៃគូ អង្គការមិនមែនរដ្ឋាភិបាលដើម្បីធានាថាបទឈប់បាញ់កំពុងតែដំណើរការរវាងប្រទេសទាំងពីរ។

យោងតាមសារព័ត៌មាន AP មន្ត្រីអាម៉េរិកម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាម៉េរិកនឹងបង្កើត "មជ្ឈមណ្ឌលសម្របសម្រួលស៊ីវិល-យោធា" នៅក្នុងប្រទេសអ៊ីស្រាអែល ដែលនឹងជួយសម្រួលដល់លំហូរនៃជំនួយមនុស្សធម៌ ក៏ដូចជាជំនួយផ្នែកដឹកជញ្ជូន និងសន្តិសុខចូលទៅក្នុងតំបន់ហ្គាហ្សា ក៏ដូចជាដើម្បីឃ្លាំមើលបទឈប់បាញ់ជាក់ស្តែងក្រោយចូលជាធរមាន។

គួរកត់សម្គាល់ថាកាលពីម្សិលមិញនេះលោកដូណាល់ត្រាំបានសរសេររៀបរាប់តាមបណ្តាញសង្គម TRUTH SOCIAL ថា ខ្ញុំមានមោទនភាពយ៉ាងខ្លាំងក្នុងការប្រកាសថា អ៊ីស្រាអែល និងក្រុមហាម៉ាស់បានចុះហត្ថលេខាលើដំណាក់កាលដំបូងនៃផែនការសន្តិភាព។ នេះមានន័យថា ចំណាប់ខ្មាំងទាំងអស់នឹងត្រូវបានដោះលែងក្នុងពេលឆាប់ៗនេះ ហើយអ៊ីស្រាអែលនឹងដកកងទ័ពរបស់ពួកគេទៅកាន់បន្ទាត់ដែលបានព្រមព្រៀងគ្នាជាជំហានដំបូងឆ្ពោះទៅរកសន្តិភាពដ៏រឹងមាំ យូរអង្វែង និងជានិរន្តរ៍។

សង្រ្គាមនៅហ្គាហ្សាបានចាប់ផ្តើមផ្ទុះនៅក្នុងខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុមហាម៉ាសបានដឹកនាំការវាយប្រហារលើអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សប្រហែល ១,២០០ នាក់។ ពួកគេបានចាប់ចំណាប់ខ្មាំងប្រហែល ២៥០ នាក់។ ចាប់តាំងពីពេលនោះមក យោធាអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៦៧,០០០នាក់ រួមទាំងជនស៊ីវិល៕

Khcct banner

អត្ថបទទាក់ទង