681 ezgif.com resize
Swift cc time

កម្ពុជា និងកុំមិនវែលដូមីនីក ឯកភាពពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរីកចម្រើន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កម្ពុជា និងកុំមិនវែលដូមីនីក បានឯកភាព និងលើកទឹកចិត្តក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នា ឱ្យកាន់តែរឹងមាំថែមទៀត។ ការឯកភាពនេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក រ៉ូសឺវែល ស្កឺរីត (Roosevelt Skerrit) នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។

នាឱកាសនេះ សម្ដេច ហ៊ុន ម៉ាណែត បានស្វាគមន៍យ៉ាងកក់ក្តៅឯកឧត្តមនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចបានចាត់ទុកដំណើរទស្សនកិច្ចការងារនេះថា ជាកាលានុវត្តភាពដ៏សំខាន់ ដើម្បីពង្រឹង និង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ សម្តេចបានបន្ថែមថា ឆ្នាំនេះគឺជាខួបលើកទី១៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

លោក រ៉ូសឺវែល ស្កឺរីត បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ព្រមទាំងបានបង្ហាញជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យ របស់សម្តេច ហ៊ុន ម៉ាណែត ប្រទេសកម្ពុជានឹងកាន់តែមានការអភិវឌ្ឍរីកចម្រើន និងវិបុលភាពបន្ថែមទៀត។ លោកបានបង្ហាញការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីដ៏ល្អ និងមានជំនឿជាក់ថា កិច្ចសហប្រតិបត្តិការនឹងកាន់តែរីកចម្រើន និងស៊ីជម្រៅ ថែមទៀត។

ប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាព និងលើកទឹកចិត្តក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នា ឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេស តាមរយៈយន្តការពិគ្រោះយោបល់នេះ។ ប្រមុខដឹកនាំទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ នយោបាយ-ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និង ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

បន្ទាប់ពីកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា ថ្នាក់ដឹកនាំទាំងពីរបានអញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរ «អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ» ដែលយន្តការនេះនឹងប្រព្រឹត្តទៅរៀងរាល់ពីរឆ្នាំម្តង និងផ្តោតលើប្រធានបទ៖ (១) នយោបាយ ការទូត កុងស៊ុល និងសន្តិសុខ, (២) សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, និង (៣) វប្បធម៌ បរិស្ថាន ការអប់រំ បណ្តុះបណ្តាល ការស្រាវជ្រាវ និងអភិវឌ្ឍន៍៕


Khcct banner

អត្ថបទទាក់ទង