បាត់ដំបង៖ សត្វឆ្កែ ចចក បែកហ្វូង រត់ចូលក្នុងភូមិអ្នកស្រុក ក្រោយទឹកជំនន់ទឹកទន្លេ បានហក់ឡើងខ្លាំងលិចទីជម្រករបស់វា ដោយចាប់ពីថ្ងៃទី៦-៨ ខែតុលា ឆ្នាំ២០២៥ ប្រជាពលរដ្ឋបានវាយឆ្កែចចកងាប់ ចំនួន ០៤ក្បាល។
រដ្ឋបាលស្រុកមោងឫស្សី បានបញ្ជាក់ថា មានសត្វឆ្កែ ចចក បែកហ្វូង រត់ចូលក្នុងភូមិអ្នក ស្រុក នោះគឺជារឿងពិតហើយ ប៉ុន្តែចំនួនសត្វឆ្កែចចក មានប៉ុន្មានក្បាលនោះ មិនទាន់ដឹងច្បាស់នៅឡើយទេ។ សត្វឆ្កែចចក បែកហ្វូងរត់ចូលភូមិអ្នកស្រុកនោះ គឺដោយសារមានទឹកជំនន់ទឹកទន្លេ បានហក់ឡើងខ្លាំងលិចទីជម្រករបស់វា ទើបពួកសត្វឆ្កែចចកទាំងនោះ គ្មានទីជម្រក ក៏រត់ចូលភូមិរបស់អ្នកស្រុក។
បើតាមប្រភពដដែល ចាប់ពីថ្ងៃទី០៦ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋ វាយឆ្កែចចកងាប់ ចំនួន ០៤ក្បាលហើយ គឺនៅភូមិរាមគន់ ឃុំគារចំនួន០១ក្បាល ភូមិទួលតាថុន ឃុំជ្រៃ ចំនួន០១ក្បាល, ភូមិប្រឡាយ ស្មៅ ឃុំតាលាស់ ចំនួន០១ក្បាល និង ភូមិទួលព្រំ២ ឃុំកកោះ ចំនួន០១ក្បាល។
រដ្ឋបាលស្រុកមោងឫស្សី អំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ពិសេសក្មេងតូចៗ កុំឲ្យដើរលេងម្នាក់ឯង ក្រែងជួបប្រទះនឹងសត្វឆ្កែចចក ដែលអាចខាំបង្កឲ្យគ្រោះថ្នាក់ដល់សុខភាព និង អាយុជីវិត។
បើបងប្អូនបានឃើញ ឬ ជួបប្រទះនឹងសត្វឆ្កែចចក ដែលរត់ចូលក្នុងភូមិ សូមរាយការណ៍មករដ្ឋបាល ស្រុកមោងឫស្សី តាមរយៈ លេខទូរស័ព្ទ ០៩២ ៤៦៨ ៩៦៨,០៨៨ ៦២ ២៧ ៦៦៣ ដើម្បីឲ្យរដ្ឋបាលស្រុក ចាត់មន្ត្រីជំនាញចុះពិនិត្យ និង អន្តរាគមន៍៕