គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.) នៅថ្ងៃទី០៩តុលានេះ បានផ្ញើលិខិតជូនលោក Balakrishnan Rajagopal អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅឋានសមរម្យ នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ពាក់ព័ន្ធនឹងការបន្តតាមដានលើ គំរាមកំហែងដែលបន្តកើតមានលើ សិទ្ធិទទួលបានលំនៅឋានសមរម្យរបស់ប្រជាពលរដ្ឋកម្ពុជាតាមព្រំដែនកម្ពុជា-ថៃ។
ក្នុងលិខិតនោះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានគូសបញ្ជាក់សាជាថ្មី ចំពោះញត្តិបន្ទាន់ របស់ គ.ស.ម.ក. ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងសកម្មភាពរបស់កងទ័ពថៃរំលោភបំពានទឹកដីកម្ពុជា ដោយបានរាយបន្លាលួស រារាំងមិនឱ្យប្រជាជនកម្ពុជាចូលទៅកាន់ផ្ទះសម្បែង និងដីស្រែចម្ការរបស់ពួកគាត់បាន និងបានគំរាមកំហែងដល់សិទ្ធិនិងសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដែលកំពុងរស់នៅតាមបណ្ដោយព្រំដែននោះ។
ប្រជាជនកម្ពុជា ដែលត្រូវបានបណ្ដេញចេញដោយបង្ខំរួចហើយ និងអ្នកដែល កំពុងរងការគំរាមកំហែងពីការបណេ្តញចេញដោយបង្ខំ កំពុងទទួលរងនូវការឈឺចាប់ និងទុក្ខលំបាកជាទម្ងន់។ គ្រួសារ ទាំងនោះ បានរស់នៅលើទីតាំងនេះជាច្រើនជំនាន់មកហើយ ដោយមិនត្រឹមតែបានកសាងជាផ្ទះសម្បែងប៉ុណ្ណោះទេ ប៉ុន្តែជាសហគមន៍ ជាកន្លែងប្រកបរបរចិញ្ចឹមជីវិត ហើយអត្តសញ្ញាណវប្បធម៌ ក៏បានចាក់ឫសគល់យ៉ាងជ្រៅនៅកន្លែង នោះ។ ការបាត់បង់ ផ្ទះសម្បែង គឺបានន័យថា បាត់បង់ទីជម្រក សុវត្ថិភាព សន្តិសុខ និងការទទួលបានសេវាជាមូលដ្ឋាន ផ្សេងៗ ដែលជាមូលហេតុបង្កឱ្យមានភាពគ្មានផ្ទះសម្បែងជ្រកកោន ភាពក្រីក្រ និងអស្ថិរភាពសង្គម។ កុមារត្រូវបង្ខំឱ្យ បោះបង់ចោលការសិក្សា មនុស្សចាស់ត្រូវប្រឈមនឹងបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរ ស្រ្តីនិងក្រុមជនងាយរងគ្រោះដទៃ ទៀត ត្រូវស្ថិតនៅក្នុងហានិភ័យកាន់តែខ្លាំង។ ផលប៉ះពាល់ផ្នែកផ្លូវចិត្តដោយសារការរស់នៅក្រោមភាពមិនប្រាកដប្រជា ការគំរាមកំហែង និងការភ័យខ្លាចពីការបាត់បង់ផ្ទះសម្បែងរបស់ខ្លួន បានធ្វើឱ្យទុក្ខលំបាកពួកគាត់ កាន់តែធ្ងន់ធ្ងរឡើងៗ។
ក្នុងន័យនេះ គ.ស.ម.ក. សូម ស្នើសុំអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមានលំនៅឋានសមរម្យ ដែល មានអាណត្តិក្នុងការលើកកកម្ពស់និងពិនិត្យតាមដានសិទ្ធិមនុស្សក្នុងការទទួលបានលំនៅឋានសមរម្យ ទំនាក់ទំនងជាបន្ទាន់ជាមួយនឹងរាជរាដ្ឋាភិបាលប្រទេសថៃដើម្បីធានាដល់ការគោរពសិទ្ធិទទួលបានលំនៅឋានសមរម្យរបស់ប្រជាជនកម្ពុជាដែលបានរងផលប៉ះពាល់ បង្ការការរំលោភបំពានណាមួយផ្សេងទៀត និងសម្របសម្រួលឱ្យមានវិធានការដោះស្រាយសមរម្យស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
គ.ស.ម.ក. មានការខកចិត្តយ៉ាងខ្លាំង ដែលអ្នករាយការណ៍ពិសេសមិនបានឆ្លើយតបនឹងញត្តិបន្ទាន់របស់ គ.ស.ម.ក. ហើយការបន្តភាពស្ងៀមស្ងាត់បែបនេះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តលើយន្តការសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ និងប្រសិទ្ធភាពនៃយន្តការនីតិវិធីពិសេស។ នៅពេលសហគមន៍ត្រូវប្រឈមមុខនឹងការបណ្ដេញ ចេញដោយបង្ខំ ការចូលរួមរបស់អ្នកទទួលបានអាណត្តិនៃនីតិវិធីពិសេសនេះ ក្នុងការតស៊ូមតិជាសាធារណៈទាន់ពេល វេលា ពិតជាមានសារៈសំខាន់ណាស់ដើម្បីទប់ស្កាត់ការខូចខាតដែលមិនអាចស្តារឡើងវិញបាន។
គ.ស.ម.ក. បញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងកិច្ចសហការបែបស្ថាបនាជាមួយរាល់យន្តការសិទ្ធិ មនុស្សទាំងអស់របស់អង្គការសហប្រជាជាតិ។ យើងយកចិត្តទុកដាក់ខ្ពស់លើសារៈសំខាន់នៃសកម្មភាពដែលមាន លក្ខណៈសកម្ម និងឆ្លើយតប របស់អ្នកទទួលបានអាណត្តិនេះ ជាពិសេសអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមាន លំនៅឋានសមរម្យ ក្នុងការដោះស្រាយបញ្ហាសិទ្ធិមូលដ្ឋានរបស់សហគមន៍ដែលងាយរងគ្រោះ។ សុចរិតភាពនៃប្រព័ន្ធ សិទិ្ធមនុស្ស គឺអាស្រ័យលើការផ្ដល់នូវកិច្ចអន្តរាគមន៍ភ្លាមៗ មិនលម្អៀង និងប្រកបដោយប្រសិទ្ធភាព។
អាស្រ័យហេតុនេះ គ.ស.ម.ក. ជំរុញឲ្យអ្នករាយការណ៍ពិសេសដោះស្រាយបញ្ហានេះជាបន្ទាន់ និងគាំទ ដល់សំណើរបស់កម្ពុជា ដែលស្នើឱ្យមានការទទួលខុសត្រូវចំពោះការរំលោភបំពានទាំងនេះ។ គ.ស.ម.ក. មានក្តី រំពឹងលើការចូលរួមរបស់អ្នករាយការណ៍ពិសេស ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍សិទ្ធិមនុស្ស ច្បាប់មនុស្សធម៌ អន្តរជាតិ និងយុត្តិធម៌ សម្រាប់ជនរងគ្រោះនៃអំពើខុសច្បាប់បែបនេះ៕