ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍កំណត់យកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ចាប់ពីម៉ោង៦:០០នាទី ដល់ម៉ោង ១២:០០នាទី សម្រាប់ការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) លំដាប់ថ្នាក់ 4F ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចម ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
បើតាមអាកាសចរណ៍ស៊ីវិល ដើម្បីឱ្យការរៀបចំពិធីសម្ពោធជាផ្លូវការខាងលើនេះ ប្រព្រឹត្តទៅដោយរលូន ព្រមទាំងរក្សាបាននូវសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ស្នើសុំជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរចេញ-ចូលឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិតេជោ មេត្តាយោគយល់ និងអធ្យាស្រ័យ ដោយទីតាំងខាងលើនេះនឹងមានការរឹតបន្តឹងសន្តិសុខ និងសុវត្ថិភាព។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមសាងសង់នៅ ឆ្នាំ២០២០ មានផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប អាចឲ្យប្រភេទយន្តហោះធុនធំចុះចតបាន៕