អាម៉េរិក៖ សង្រ្គាមជាងពីរឆ្នាំរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាដែលបានសម្លាប់មនុស្សប្រមាណជាង ៦ម៉ឺននាក់ និងបណ្តាលឲ្យមានជនភៀសខ្លួនជាច្រើនលាននាក់កំពុងតែឈានទៅរកទីបញ្ចប់បន្ទាប់ពីប្រធានសន្តិភាពដូណាល់ត្រាំ បានជួយជ្រោមជ្រែងនិងស្វែងរកផ្លូវក្នុងការបញ្ចប់សង្រ្គាមជាងពីរឆ្នាំមកនេះ។ លោកដូណាល់ត្រាំបានសរសេររៀបរាប់តាមបណ្តាញសង្គម TRUTH SOCIAL ថា ខ្ញុំមានមោទនភាពយ៉ាងខ្លាំងក្នុងការប្រកាសថា អ៊ីស្រាអែល និងក្រុមហាម៉ាស់បានចុះហត្ថលេខាលើដំណាក់កាលដំបូងនៃផែនការសន្តិភាព។ នេះមានន័យថា ចំណាប់ខ្មាំងទាំងអស់នឹងត្រូវបានដោះលែងក្នុងពេលឆាប់ៗនេះ ហើយអ៊ីស្រាអែលនឹងដកកងទ័ពរបស់ពួកគេទៅកាន់បន្ទាត់ដែលបានព្រមព្រៀងគ្នាជាជំហានដំបូងឆ្ពោះទៅរកសន្តិភាពដ៏រឹងមាំ យូរអង្វែង និងជានិរន្តរ៍។
យោងសេចក្តីប្រកាសរបស់ប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ ពេលនេះសង្រ្គាមអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាកំពុងតែឈានទៅរកផ្លូវបញ្ចប់ដោយក្រុមហាម៉ាស់ និងសម្រេចដោះលែងចំណាប់ខ្មាំងទាំងប៉ុន្មានដែលពួកគេបានចាប់ខ្លួនចាប់តាំងពីសង្រ្គាមបានផ្ទុះកាលពីថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៣ មក។ លោកបន្តថាភាគីទាំងអស់នឹងធ្វើកិច្ចព្រមព្រៀងប្រព្រឹត្តដោយយុត្តិធម៌ នេះគឺជាថ្ងៃដ៏អស្ចារ្យមួយសម្រាប់ពិភពអារ៉ាប់ និងមូស្លីម អ៊ីស្រាអែល ប្រជាជាតិជុំវិញទាំងអស់ និងសហរដ្ឋអាម៉េរិក ហើយយើងសូមអរគុណអ្នកសម្របសម្រួលមកពីប្រទេសកាតា អេហ្ស៊ីប និងតួកគី ដែលបានធ្វើការជាមួយយើងដើម្បីធ្វើឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ និងមិនធ្លាប់មានពីមុនមកនេះកើតមានឡើយ។
គួរកត់សម្គាល់ថាសង្រ្គាមនៅហ្គាហ្សាបានចាប់ផ្តើមផ្ទុះនៅក្នុងខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុមហាម៉ាសបានដឹកនាំការវាយប្រហារលើអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សប្រហែល ១,២០០ នាក់។ ពួកគេបានចាប់ចំណាប់ខ្មាំងប្រហែល ២៥០ នាក់។ ចាប់តាំងពីពេលនោះមក យោធាអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៦៧,០០០នាក់ រួមទាំងជនស៊ីវិល៕